ភ្នំពេញ ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជំរុញឱ្យក្រុងអឺយចុងប៊ូ ពង្រីកចំណងសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការផ្សារភ្ជាប់តំបន់ឧស្សាហកម្មរបស់ក្រុងអឺយចុងប៊ូ ទៅនឹងតំបន់ឧស្សាហកម្មនៅប្រទេសកម្ពុជា។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម ឃួន ផុនរតនៈ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Kim Won Ki អភិបាលក្រុងអឺយចុងប៊ូ នៅសាលាក្រុងអឺយចុងប៊ូ ខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ។
ឯកឧត្តមឯកអគ្គរាជទូត សង្ឃឹមថា ក្រុងអឺយចុងប៊ូ នឹងអាចពង្រីកចំណងសហប្រតិបត្តិការរវាងក្រុងអឺយចុងប៊ូ និងខេត្តក្រុងណាមួយរបស់ប្រទេសកម្ពុជា ដោយផ្សារភ្ជាប់តំបន់ឧស្សាហកម្មរបស់ក្រុងអឺយចុងប៊ូ ទៅនឹងតំបន់ឧស្សាហកម្មនៅប្រទេសកម្ពុជា ពិសេសក្រុងព្រះសីហនុ។
ទន្ទឹមនឹងការពង្រីកកិច្ចសហប្រតិបត្តិការ ឯកឧត្តម ឃួន ផុនរតនៈ ក៏បានថ្លែងអំណរគុណចំពោះលោកអភិបាលក្រុង ដែលតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ ជាពិសេសការសហការផ្តល់ទីតាំងសម្រាប់សហគមន៍ខ្មែររៀបចំពិធីបុណ្យប្រពៃណីជាតិ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបុណ្យភ្ជុំបិណ្ឌជាដើម។
ឯកឧត្តមឯកអគ្គរាជទូត បានសង្កត់ធ្ងន់ថា ក្រុងអឺយចុងប៊ូ គឺជាតំបន់ជួបជុំដ៏សំខាន់របស់ប្រជាជនខ្មែរ ដែលរស់នៅក្នុងតំបន់នេះ និងតំបន់ជុំវិញ ហើយសង្ឃឹមថា ស្ថានទូតកម្ពុជានឹងអាចបន្តធ្វើការយ៉ាងជិតស្និតជាមួយសាលាក្រុងអឺយចុងប៊ូ នាពេលខាងមុខ ក្នុងកិច្ចការពារប្រជាពលរដ្ឋខ្មែរ នៅក្នុងតំបន់អឺយចុងប៊ូ និងតំបន់ជុំវិញ។
ជាការឆ្លើយតប លោក Kim Won Ki បានស្វាគមន៍ចំពោះសំណើរបស់លោកឯកអគ្គរាជទូត និងបានសន្យាធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុងអឺយចុងប៊ូ និងកម្ពុជា។ លោក Kim បានបន្តថា លោកនឹងបង្កើនការយកចិត្តទុកដាក់ចំពោះការការពារសុខសុវត្ថិភាពរបស់បងប្អូនសហគមន៍ខ្មែរ ដែលរស់នៅក្នុងតំបន់អឹយចុងប៊ូ និងនៅតំបន់នានាក្បែរតំបន់អឺយចុងប៊ូ៕


