កម្ពុជា-ម៉ាឡេស៊ី នឹងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត សាហារូឌីន អូន (Shaharuddin Onn) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចការងារអនុវត្តជាប្រចាំរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្នុងនាមជាស្ថាប័នទូរទស្សន៍រដ្ឋតែមួយគត់ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ សាធារណជន។ 

ឯកឧត្តមឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា ដោយមើលឃើញអំពីសក្តានុពលនៃការផ្សព្វផ្សាយព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា ម៉ាឡេស៊ីបានស្នើឲ្យមានការពង្រឹង នូវកិច្ចសហប្រតិបត្តិការ ជាមួយទូរទស្សន៍ជាតិកម្ពុជា ដោយមានការផ្លាស់ប្តូរការផ្សព្វផ្សាយនូវវប្បធម៌ សិល្បៈ ប្រពៃណី ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងវិស័យម្ហូបអាហារប្រពៃណីរបស់ម៉ាឡេស៊ីផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានអញ្ជើញឯកឧត្តមអគ្គនាយក ចូលរួមក្នុងកម្មវិធីខួបអនុស្សាវរីយ៍លើកទី៦៩នៃទំនាក់ទំនងការទូតរវាងម៉ាឡេស៊ី-កម្ពុជា ដែលប្រារព្ធឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ នៅស្ថានឯកអគ្គរដ្ឋទូតម៉ាឡេស៊ី។

ជាការឆ្លើយតប ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះកិច្ចសហប្រតិបត្តិការនានាជាមួយម៉ាឡេស៊ីលើវិស័យប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជម្រុញឲ្យការផ្សព្វផ្សាយព័ត៌មានរបស់ភាគីទាំងពីរកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

ឯកឧត្តម ក៏បានស្នើសុំក្នុងកិច្ចសហប្រតិបត្តិការនេះ ឲ្យមានវគ្គបណ្តុះបណ្តាលដល់មន្ត្រីព័ត៌មានកម្ពុជា ក្នុងការឈ្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍បន្ថែមអំពីការផលិតមាតិកា និងការងារបច្ចេកទេសមួយចំនួន រវាងប្រទេសយើងទាំងពីរ កម្ពុជា-ម៉ាឡេស៊ី។

ឯកឧត្តមអគ្គនាយក ក៏បានអបអរសាទរចំពោះទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ខណៈឆ្នាំ ២០២៧ខាងមុខ គឺជាខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ម៉ាឡេស៊ី ព្រមទាំងរំពឹងថា វិស័យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ភាគីទាំងពីរ នឹងកាន់តែទទួលបាននូវកិច្ចសហប្រតិបត្តិការ និងការ រីកចម្រើនកាន់តែប្រសើរឡើងថែមទៀត។

មុននឹងបញ្ចប់ ភាគីទាំងពីរ បានពិភាក្សាបន្ថែមទៀត ទៅលើកិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយរវាងទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុ ទូរទស្សន៍ម៉ាឡេស៊ី RTM ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតរបស់ម៉ាឡេស៊ី ដោយឯកឧត្តមឯកអគ្គរដ្ឋទូត នឹងយកចិត្តទុកដាក់លើកិច្ចការងារនេះ ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យព័ត៌មានរវាងប្រទេសទាំងពីរ៕