នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះពិនិត្យទីតាំងរមណីយដ្ឋានស្រះឈូក ដែលស្ថិនៅក្នុងក្រុងកំពត ដើម្បីពិនិត្យលទ្ធភាពរៀបចំកែលម្អ និងលើកកម្ពស់សោភ័ណភាពឱ្យកាន់តែស្រស់ស្អាត មានទាំងការពង្រីកផ្លូវ និងរៀបចំបរិស្ថានជុំវិញ ការរៀបចំប្រព័ន្ធភ្លើង និងបាញ់ទឹកលម្អកណ្តាលស្រះជាដើម ធ្វើយ៉ាងណាឱ្យសមស្របសម្រាប់ការប្រើប្រាស់ជាទីតាំងកម្សាន្ត និងលំហែកាយរបស់សាធារណជន។ តាមគោលបំណងនៃការចុះពិនិត្យនេះ ការកែលម្អរមណីយដ្ឋានស្រះឈូកនឹងផ្តោតលើការបង្កើនភាពទាក់ទាញនៃទីតាំង ដើម្បីត្រៀមទទួលភ្ញៀវទេសចរដែលមកកម្សាន្ត និងផ្តិតយករូបភាពអនុស្សាវរីយ៍ ព្រមទាំងប្រជាពលរដ្ឋដែលចង់ប្រើប្រាស់ទីតាំងនេះសម្រាប់ហាត់ប្រាណ និងថែរក្សាសុខភាព។
ការរៀបចំតំបន់កម្សាន្តក្នុងក្រុងកំពតបន្ថែម ក៏អាចជួយពង្រីកជម្រើសសម្រាប់ភ្ញៀវទេសចរ ដែលចង់ស្វែងរកកន្លែងសម្រាកលំហែកាយ និងចំណាយពេលវេលានៅក្នុងទីក្រុង។ កន្លងមក ខេត្តកំពតមានសក្តានុពលទេសចរណ៍ចម្រុះ រួមមានតំបន់ធម្មជាតិ តំបន់មាត់សមុទ្រ តំបន់ដងព្រែក តំបន់ភ្នំបូកគោ និងតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ។ ការបន្ថែមកន្លែងលំហែសាធារណៈក្នុងក្រុង អាចជួយបំពេញបន្ថែមនូវបទពិសោធន៍ទេសចរណ៍សម្រាប់អ្នកមកទស្សនាខេត្ត។ ក្រៅពីការចុះពិនិត្យរមណីយដ្ឋានស្រះឈូក ឯកឧត្តមអភិបាលខេត្តក៏បានបន្តដំណើរទៅពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកបាតដៃសុភមង្គល ដែលស្ថិតនៅខាងមុខមន្ទីរពេទ្យបង្អែកខេត្តកំពតផងដែរ។
បើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត ថារូបសំណាកបាតដៃសុមង្គលនេះ បានសាងសងរួចរាល់ហើយ និងសល់តែការតប់តែងលម្អបន្ថែមប៉ុណ្ណោះ ហើយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ រដ្ឋបាលខេត្តនឹងអនុញ្ញាតិឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរឡើងថតរូបកម្សាន្តបាន។ ទន្ទឹមគ្នានោះ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរក្រុង ឱ្យរៀបចំក្រុមការងារការពារសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីសម្រួលដល់ការឡើងថតរូបរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ធ្វើយ៉ាងណាធានាបាននូវសុវត្ថិភាព និងរបៀបរៀបរយល្អ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត


