ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មានរៀបចំពិធីអភិសេករូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី ដើម្បីជាទីសក្ការបូជា និងជានិមិត្តរូបនៃប្រវត្តិសាស្ត្រ លើកស្ទួយមរតកវប្បធម៌ និងអរិយធម៌ខ្មែរ
ភ្នំពេញ៖ ថ្នាក់ដឹកនាំ ទីប្រឹក្សា មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងព័ត៌មាន បានរៀបចំពិធីអភិសេករូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី ដើម្បីតម្កល់ជាទីសក្ការបូជា និងជានិមិត្តរូបនៃប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌ខ្មែរ ព្រមទាំងរួមចំណែកលើកកម្ពស់ការយល់ដឹង និងការស្រឡាញ់ចំពោះកេរដំណែលដូនតា។
ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ នៅសួនច្បារជ័យមង្គលព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដោយមានការនិមន្តចូលរួមពីសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន។
ការរៀបចំពិធីអភិសេក និងតម្កល់រូបបដិមាទាំងពីរព្រះអង្គនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងព័ត៌មានចំពោះការថែរក្សា អភិរក្ស និងលើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ និងកេរដំណែលបុរាណខ្មែរ ព្រមទាំងបន្តផ្សព្វផ្សាយអត្តសញ្ញាណជាតិទៅកាន់សាធារណជនទាំងក្នុង និងក្រៅប្រទេស។
ជាមួយគ្នានេះ វត្តមានរូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវីនៅក្នុងបរិវេណក្រសួងព័ត៌មាន ក៏ជាផ្នែកមួយនៃការរៀបចំសោភ័ណភាព និងលើកកម្ពស់បរិយាកាសវប្បធម៌នៅក្នុងស្ថាប័នរដ្ឋ ឱ្យកាន់តែមានភាពថ្លៃថ្នូរ និងស័ក្តិសម។ ទីតាំងនេះក៏អាចក្លាយជាកន្លែងសម្រាប់មន្ត្រីរាជការ ភ្ញៀវជាតិ និងអន្តរជាតិ ស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រ សិល្បៈ និងកេរដំណែលវប្បធម៌ខ្មែរ។
ក្នុងនាមជាស្ថាប័នដែលមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ក្រសួងព័ត៌មានបានយកចិត្តទុកដាក់ចូលរួមថែរក្សា និងលើកស្ទួយវប្បធម៌ អរិយធម៌ និងអត្តសញ្ញាណជាតិ ដើម្បីធានាថាកេរដំណែលដ៏មានតម្លៃរបស់ដូនតាត្រូវបានថែរក្សា និងបន្តទៅកាន់កូនចៅជំនាន់ក្រោយ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន បានរៀបចំពិធីអភិសេករូបសំណាកព្រះបាទជ័យវរ្ម័នទី៧ នៅសួនច្បារជ័យមង្គល នៃទីស្តីការក្រសួងព័ត៌មាន។ ការរៀបចំពិធីនៅពេលនេះ គឺជាការបន្តបន្ថែមនូវសម្បត្តិវប្បធម៌ និងលើកកម្ពស់សោភ័ណភាពក្នុងបរិវេណក្រសួងព័ត៌មាន ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមអភិរក្ស និងផ្សព្វផ្សាយមរតកវប្បធម៌ខ្មែរឱ្យបានទូលំទូលាយ៕


