ឯកឧត្តម ឡេ មិញហ៉ឹង នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធនៅស្តូបមិត្តភាពកម្ពុជា-វៀតណាម

រាជធានីភ្នំពេញ ÷ រសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់រាជធានីភ្នំពេញ ឯកឧត្តម ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញដាក់ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបមិត្តភាពកម្ពុជា-វៀតណាម។

នៅស្តូបមិត្តភាពកម្ពុជាវៀតណាម ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យអន្តរជាតិ ជាមួយគ្នានេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ និងជារដ្ឋមន្ត្រីអមគណៈប្រតិភូ និងលោកជំទាវ ទូច សុផារ័ត្ន ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញអមដំណើរគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។

បើតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា​ ដំណើរទស្សនកិច្ចនេះ ឯកឧត្តម ឡេ មិញ ហ៊ឹង នឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោ​ត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា​ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ក្រសួងការបរទេស បានឱ្យដឹងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពីការ​ពង្រឹង​ទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។

ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ឡេ មិញ ហ៊ឹង នឹង​ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ព្រមទាំងរឹតចំណងសាមគ្គីភាព និងបញ្ជាក់ពីការប្តេជ្ញារួមរបស់ប្រទេសទាំងពីរក្នុងការបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី៕