លោកឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ៩ខែ និងផែនការការពារសន្តិសុខ

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃសុក្រទី០៩ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទប់ប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារ ៩ខែ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៦ និងផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ព្រឹត្តិការណ៍ពិព័រណ៌ការតភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម-កម្ពុជា ឆ្នាំ២០២៦ និងផែនការការពារសន្តិសុខជូននាយសេនាធិការ កងទ័ពហ្វីលីពីន។

ព្រឹត្តិការណ៍ពិព័រណ៌ការតភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម-កម្ពុជា ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅរយះពេល ០៤ថ្ងៃ ពីថ្ងៃទី១៤-១៧ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ។

ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូយោធាជាន់ខ្ពស់នៃសាធារណរដ្ឋហ្វីលីពីន ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ Antonio Gustilo Nafarrete នាយសេនាធិការ នៃកងទ័ពហ្វីលីពីន នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៩-២២ ខែតុលា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការគ្រប់បណ្តាអង្គភាពចំណុះអ.ហ.ផ.ទ និងបានភ្ជាប់វីដេអូ Conference ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត និងសាលាកងរាជអាវុធហត្ថទាំង២ផងដែរ។