កម្ពុជា អបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «បណ្តាញប្រៃសណីយ៍មួយ ឱកាសគ្មានដែនកំណត់»

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំ ពិធី អបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ក្រោមប្រធានបទ «បណ្តាញប្រៃសណីយ៍មួយ ឱកាសគ្មានដែនកំណត់» ស្របជាមួយនិងការ ប្រកាសដាក់ឱ្យប្រើប្រាស់គេហទំព័រ postcode.gov.kh និងប្រគល់ពានរង្វាន់ការប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍ លើកទី១ ឆ្នាំ២០២៦ ។

ពិធីនេះធ្វើឡើង នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរប្រៃសណីយ៍គ្រប់ខេត្តប្រៃសណីយ៍កម្ពុជា ប្រតិបត្តិករប្រៃសណីយ៍ឯកជន និយោជិក និងមន្ត្រីរាជការ ដែលបានបម្រើការងារ សម្រាប់ទំនាក់ទំនងរបស់មនុស្សនៅលើពិភពលោក។

ឯកឧត្តម ឯក វណ្ណឌី គូសបញ្ជាក់ថា រៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែតុលា នៅលើពិភពលោក ប្រទេសជាសមាជិក តែងប្រារព្ធខួបអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ដើម្បីរំលឹកដល់ការបង្កើតសហភាពប្រៃសណីយ៍សកល (UPU) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៧៤ ដើម្បីជាគ្រឹះសម្រាប់ទំនាក់ទំនង ជាសកល។

ឯកឧត្តម ឯក វណ្ណឌី បន្ថែមថា ប្រធានបទដែលបានជ្រើសរើសសម្រាប់ទិវាប្រៃសណីយ៍ពិភពលោក ឆ្នាំ២០២៦ គឺ «បណ្តាញប្រៃសណីយ៍មួយ ឱកាសគ្មានដែនកំណត់» ដែលនិយាយចំគោលដៅទៅលើការវិវត្តនៃសម័យកាលរបស់យើង។

ឯកឧត្តម បន្ថែមថា នៅពេលដែលយើងនិយាយថា «ឱកាសគ្មានដែនកំណត់» យើងកំពុងទទួលស្គាល់ថាហេដ្ឋារចនាសម្ព័ន្ធដែលយើងមាននាពេលបច្ចុប្បន្ន គឺអាចបត់បែនបានទៅតាមតម្រូវការនៃថ្ងៃអនាគត មិនថាវាជាការប្រើប្រាស់ភស្តុភារកម្មពណ៌បៃតង (Green Logistics) ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ឬការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពផ្លូវ ការតម្រៀប និងចែកចាយនោះទេ។

ឯកឧត្តម បន្ថែមថា ដើម្បីទាញយកឱកាសគ្មានដែនកំណត់ទាំងនេះ យើងត្រូវបន្តធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ កែសម្រួលក្របខណ្ឌបទប្បញ្ញត្តិ លើកកម្ពស់សមត្ថភាពរូបវន្ត និងបច្ចេកវិទ្យា ព្រមទាំងជំរុញភាពជាដៃគូសាធារណៈនិងឯកជនឱ្យបានរឹងមាំ។

ឯកឧត្តម គូសបញ្ជាក់យ៉ាងដូច្នេះថា ខណៈពេលដែលយើងអបអរសាទរភាពជោគជ័យទាំងនេះ សូមកុំភ្លេចថាភាពរឹងមាំនៃបណ្តាញប្រៃសណីយ៍មិនស្ថិតនៅលើអគារ យានយន្ត ឬបច្ចេកវិទ្យាតែប៉ុណ្ណោះទេ។ វាស្ថិតនៅលើមនុស្ស—បុគ្គលិកប្រៃសណីយ៍ដែលជំនះរាល់ស្ថានភាពអាកាសធាតុដើម្បីចែកចាយសំបុត្រ, អ្នកតាក់តែងគោលនយោបាយបទដ្ឋានគតិយុត្តដែលតែងតែគិតដល់ការប្រកួតប្រជែងនិងកិច្ចការពារអ្នកប្រើប្រាស់, ប្រតិបត្តិករដែលតែងមានភាពច្នៃប្រឌិត និងប្រជាពលរដ្ឋដែលដាក់ទំនុកចិត្តលើដៃរបស់យើងជារៀងរាល់ថ្ងៃ។

ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ន ធារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានប្រៃសណីយ៍ គូសបញ្ជាក់ថា ក្នុងនាមជាអ្នកបម្រើសេវា បុគ្គលិកប្រៃសណីយ៍បានបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ មិនថាយប់ឬថ្ងៃ មិនថាមេឃស្រឡះ ឬភ្លៀង។ បុគ្គលិកប្រៃសណីយ៍បានចូលរួមចំណែកនៃការតភ្ជាប់សហគមន៍ទាំងក្រុងនិងជនបទ តភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចនានា គាំទ្រដល់សកម្មភាពអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម និងសម្រួលដល់ការរីកចម្រើននៃពាណិជ្ជកម្មអេឡិចត្រូនិក។

គួរបញ្ជាក់ថា ដើម្បីចូលរួមអមអរសាទរព្រឹត្តិការណ៍នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តែងបានរៀបចំជាព្រឹត្តិការណ៍នានាជារៀងរាល់ឆ្នាំ។ នៅឆ្នាំនេះ ក្រសួងបានរៀបចំ និងដាក់ឱ្យប្រើប្រាស់សមិទ្ធផលសំខាន់ៗមួយចំនួនដូចតទៅ ៖ ១. ការចេញផ្សាយតែមប្រើ ប្រៃសណីយ៍អបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ២០២៦ និងទី២ ២.ការដាក់ឱ្យសម្ពោធគេហទំព័រស្វែងរកព័ត៌មានលេខកូដប្រៃសណីយ៍ (Postal Code Searching Homepage) និងការ ៣. ការប្រគល់ពានរង្វាន់ជ័យលាភីការប្រកួតប្រជែងរចនាតែមប្រើ ប្រៃសណីយ៍ លើកទី១ ឆ្នាំ២០២៦ផងដែរ។

ក្រោយការវាយតម្លៃដោយគណៈកម្មាធិការ ដែលមានសមាសភាពពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា អគ្គនាយកដ្ឋានប្រៃសណីយ៍ និងអគ្គនាយកដ្ឋានរដ្ឋបាល យើងជ្រើសរើសបានជ័យលាភីចំនួន ៣ ដូចខាងក្រោម៖ ១- ពានរង្វាន់ សាមគ្គីភាពជាតិ ទទួលបានមេដាយមួយ និងទឹកប្រាក់ ២លានរៀល ហើយគំនូរនឹងត្រូវបោះពុម្ពជាតែមប្រិ៍ប្រៃសណីយ៍, ២- ពានរង្វាន់ទេពកោលស្យសិល្បៈ ទទួលបានមេដាយមួយ និងទឹកប្រាក់ ២លានរៀល និង៣- ពានរង្វាន់ច្នៃប្រឌិត ទទួលបានមេដាយមួយ និងទឹកប្រាក់ ២លានរៀល៕