ប្រធានកិត្តិយសសាខាសមាគមនារីខេត្តកំពតលើកទឹកចិត្តសមាជិកាឱ្យបន្តចូលរួមរក្សាសន្តិភាពនិងស្ថិរភាពសង្គម

នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅសាលសន្និសីទបូកគោ ខេត្តកំពត ដោយមានសមាជិកាចូលរួមជាង ៧០នាក់ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន បានមានប្រសាសន៍ថា ការជួបជុំនាពេលនេះ គឺជាការបង្ហាញនូវការនឹករលឹក ការគោរព និងការដឹងគុណចំពោះសមាជិកាដែលបានចំណាយពេលវេលាពេញមួយជីវិតក្នុងការបម្រើជាតិ និងប្រជាជននៅមូលដ្ឋាន ព្រមទាំងបានចូលរួមចំណែកក្នុងការកសាងសង្គម សេដ្ឋកិច្ច និងថែរក្សាសន្តិភាព ស្ថិរភាព ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសាន្ត និងសុភមង្គល។

លោកជំទាវបានបញ្ជាក់ថា បទពិសោធន៍ ការលះបង់ និងស្នាដៃរបស់អតីតមន្ត្រីរាជការទាំងនេះ គឺជាគំរូដ៏មានតម្លៃសម្រាប់នារីជំនាន់ក្រោយ ក្នុងការរៀនសូត្រ និងបន្តចូលរួមបម្រើសង្គម។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានលើកទឹកចិត្តដល់សមាជិកាទាំងអស់ឱ្យបន្តរក្សាទំនាក់ទំនង និងចែករំលែកបទពិសោធន៍ល្អៗ ដើម្បីរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងសហគមន៍។ ជាមួយគ្នានេះ លោកជំទាវបានស្នើឱ្យសមាជិកាដែលមានបញ្ហាសុខភាព ឬជីវភាពរស់នៅ ឲ្យជូនដំណឹងដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីអាចពិនិត្យលទ្ធភាពចូលរួមជួយឧបត្ថម្ភ និងចែករំលែកការលំបាកបានទាន់ពេលវេលា។ លោកជំទាវបានលើកឡើងថា រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត តែងយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារនិវត្តន៍ជន និងអតីតយុទ្ធជន។

ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ក៏បាននាំយកអំណោយ និងថវិកាជូនដល់សមាជិកាម្នាក់ៗ ដោយក្នុងមួយរូប ទទួលបានអង្ករ២០គីឡូក្រាម សារុង១ មីសួរ១កញ្ចប់ មី១កេស និងថវិកា៥ម៉ឺនរៀល ដើម្បីជាការចែករំលែក និងលើកទឹកចិត្តដល់អតីតមន្ត្រីរាជការដែលធ្លាប់បានចូលរួមបម្រើជាតិ និងប្រជាជនអស់រយៈពេលជាច្រើនឆ្នាំ៕

 

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត