មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំទីក្រុងភ្នំពេញ បានរៀបចំនូវពិធីរាត្រីចម្រៀងរ៉ូម៉ាំងទីក ដើម្បីឧទ្ទិសដល់ខួប ១២០ ឆ្នាំ នៃថ្ងៃកំណើតរបស់លោក Dmitry
កាលពីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំទីក្រុងភ្នំពេញ បានរៀបចំនូវពិធីរាត្រីចម្រៀងរ៉ូម៉ែនទីក ដើម្បីឧទ្ទិសដល់ខួប ១២០ឆ្នាំ នៃថ្ងៃកំណើតរបស់លោក Dmitry Shostakovich(ឌីមីទ្រី សូស្តាកូវីក) ដែលជាអ្នកនិពន្ធបទភ្លេងដ៏ឆ្នើម និងមានឈ្មោះបោះសំឡេងជាប្រវត្តិសាស្ត្ររបស់ប្រទេសរុស្ស៊ី។
លោក Dmitry Shostakovich(ឌីមីទ្រី សូស្តាកូវីក) គឺជាអ្នកនិពន្ធតន្ត្រីដ៏អស្ចារ្យបំផុតម្នាក់ក្នុងសតវត្សរ៍ទី២០ ដែលស្នាដៃរបស់លោកមានលក្ខណៈសម្បូរបែប រួមមានស៊ីហ្វូនី (Symphonies) យ៉ាងអស្ចារ្យ បទភ្លេងល្ខោនអូប៉ែរ៉ា តន្ត្រីកុន និងបទចម្រៀងបុរាណ ដែលឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅពីស្មារតីមនុស្សជាតិ ប្រវត្តិសាស្ត្រ និងអារម្មណ៍មនោសញ្ចេតនាក្នុងសម័យកាលដ៏លំបាក។ ស្នាដៃរបស់លោកមិនត្រឹមតែល្បីល្បាញក្នុងប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានគេកោតសរសើរ និងលេងនៅលើឆាកអន្តរជាតិធំៗរហូតមកដល់បច្ចុប្បន្ន។
សម្រាប់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី នេះជាលើកទី៦ហើយ ដែលកម្មវិធីរាត្រីចម្រៀងរ៉ូម៉ែនទីកត្រូវបានប្រារព្ធធ្វើឡើង ដើម្បីឧទ្ទិសដល់អ្នកនិពន្ធ ឬកវីល្បីៗរបស់រុស្ស៊ី។
ក្នុងកម្មវិធីនេះក៏ មានការអានកំណាព្យ ច្រៀងចម្រៀងបែបមនោសញ្ចេតនា និងអូប៉ែរ៉ា ដោយសិល្បករអាជីព និងស្ម័គ្រចិត្ត ដែលមានជនជាតិរុស្ស៊ី ខ្មែរ កូឡុំប៊ី និងកាហ្សាក់ស្ថាន ចូលរួមផងដែរ។
កម្មវិធីបែបនេះបានរៀបចំឡើងដើម្បីជួបជុំគ្នាស្តាប់នូវចម្រៀងរ៉ូម៉ែនទីកពិរោះៗ និងបញ្ចេញសកម្មភាពរបស់ខ្លួនបែបលក្ខណៈស្ម័គ្រចិត្តនៅលើឆាក ដើម្បីបន្ថយភាពតានតឹង និងសប្បាយរីករាយដែរ។
មួយវិញទៀត កម្មវិធីក៏បានបង្ហាញអំពីប្រវត្តិសាស្ត្រ វប្បធម៌ ការរក្សាទំនៀមទម្លាប់ប្រពៃណីរុស្ស៊ី ក្នុងការពិសាតែជាមួយនំដុតស្នូលដំណាប់ផ្លែឈើ បង្ហាញនូវភាពស្និទ្ធស្នាល សាមគ្គីភាព និងក្តីនឹករលឹកទៅវិញទៅមក។
ដោយឡែក ទាក់ទងនឹងវិស័យអប់រំ អាហារូបករណ៍លើវិស័យសិល្បៈ តន្ត្រី និងភាពយន្ត រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីបានផ្តល់ដល់និស្សិតកម្ពុជាជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨ រុស្ស៊ីគ្រោងនឹងផ្តល់អាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីចំនួន ៦០កន្លែង លើមុខជំនាញជាង ៥០០មុខ ដូចជា៖ វិជ្ជសាស្ត្រ ថាមពលនុយក្លេអ៊ែរស៊ីវិល ព័ត៌មានវិទ្យា វិទ្យាសាស្ត្រនយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យាគីមី និងសំណង់ស៊ីវិល ជាដើម៕


