រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្សព្វផ្សាយជំរុញការអនុវត្ត «យុទ្ធសាស្ត្របៃតង ជំហាន២.១» ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងឆ្ពោះទៅសម្រេចបាន ភាពស្អាត ភាពបៃតង និងចីរភាពនៅកម្ពុជា
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងកិច្ចប្រជុំមួយ នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការ ក្រសួងបរិស្ថាន និងតាមប្រព័ន្ធទំនាក់ទំនងសិប្បនិមិត្ត(Zoom) បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន និងប្រធានមន្ទីរបរិស្ថានរាជធានី-ខេត្តទាំងអស់ ឱ្យពង្រឹងការអនុវត្ត ជំហានទី២ នៃសសរស្តម្ភបៃតង ឬហៅថា «យុទ្ធសាស្ត្រជំហ៊ាន២.១» ឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត សំដៅលើកកម្ពស់ ការគ្រប់គ្រងធនធានធម្មជាតិ និងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធ ភាព។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាបយុទ្ធសាស្ត្រ ២.១ នេះ ផ្ដោតលើលទ្ធផលជាក់ស្ដែង និងវិធានការសំខាន់ៗរួមមាន ការពង្រឹងការអនុវត្តច្បាប់ មិនមានការលើកលែង ឬអត់ឱនចំពោះបទល្មើសធនធានធម្មជាតិឡើយ ដោយរាប់ចាប់តាំងពីការកសាងសំណុំរឿង រហូតដល់ការ បន្តនីតិវិធីតុលាការ ដើម្បីសម្រេចបានននូវសុក្រឹតកម្មបរិស្ថានកិច្ច។ លើសពីនេះមន្រ្ទីឧទ្យានុរក្សបន្ត កិច្ចសហការជិតស្និទ្ធ ជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក កងរាជអាវុធហត្ថ ព្រះរាជអាជ្ញា តុលាការ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានដីព្រៃខុសច្បាប់ នៅតាមតំបន់ការពារធម្មជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញការបង្កើនគម្របបៃតង ធ្វើការរៀបចំដាំស្តារព្រៃឈើ ឱ្យបានច្រើន តាមរយៈថ្នាលបណ្តុះកូនឈើនៅតាមមន្ទីរ តាមរយៈថ្នាលថ្នាក់តំបន់ធំ និងចែកកូនឈើជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ ឆ្ពោះទៅសម្រេចឱ្យបាននូវគម្របព្រៃឈើច្រើន និងប្រែក្លាយកម្ពុជាជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។
លើសពីនេះ ឯកឧត្តបានមានប្រសាសន៍ ជំរុញការលើកកម្ពស់ជីវភាពសហគមន៍ ការរៀបចំប្រែក្លាយតំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋានឱ្យទៅជា «គោលដៅលំហែបៃតង» ដែលអាចបង្កើតការងារ ឱកាស ដល់ប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ មានចំណូល និងមានភាពជាម្ចាស់លើគម្រោងអភិវឌ្ឍន៍នៅតាមមូលដ្ឋានផ្ទាល់ សំដៅ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការបរិស្ថាន គ្រប់លំដាប់ថ្នាក់ និងបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ត្រូវបន្តបំពេញភារកិច្ច ប្រកបដោយវិជ្ជាជីវៈ តម្លាភាព គណនេយ្យភាពនិងទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវមានការបកស្រាយ លឿន រហ័ស ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់កិត្តិយសមន្រ្តី ក៏ដូចជារដ្ឋាភិបាលទាក់ទង នឹងការគ្រប់គ្រងធនធានធម្មជាតិ និងត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានវិច្ជមាន សមិទ្ធការងារ និងកិច្ចខិតខំប្រឹងរបស់មន្រ្តីសម្រេចបាន ដើម្បីធានាបាន នូវការការពារនិងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព សម្រាប់ប្រទេសកម្ពុជា៕


