ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញ ចុះសួរសុខទុក្ខព្រះសង្ឃនិងពុទ្ធបរិស័ទរងផលប៉ះពាល់ដោយទឹកជំនន់នៅវត្តកំពង់សៀម
ខេត្តកំពង់ចាម៖ នៅយប់ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញចុះថ្វាយបង្គំ និងសួរសុខទុក្ខព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទនៅវត្តកំពង់សៀម ស្ថិតនៅភូមិថ្មី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។ ក្នុងឱកាសនោះ ឯកឧត្តមបានសំណេះសំណាល ស្វែងយល់ពីស្ថានភាព និងការលំបាករបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ព្រមទាំងលើកទឹកចិត្តឱ្យបន្តប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះសុវត្ថិភាពក្នុងអំឡុងពេលមានទឹកជំនន់។ ការចុះសួរសុខទុក្ខពេលនេះជាការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ព្រមទាំងស្មារតីចូលរួមរបស់យុវជនក្នុងការងារសង្គម និងមនុស្សធម៌ ជាពិសេសក្នុងពេលដែលសហគមន៍កំពុងជួបប្រទះការលំបាកដោយសារគ្រោះធម្មជាតិ។ លើសពីនេះ ឯកឧត្តមបានផ្តាំផ្ញើដល់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ សូមបន្តប្រុងប្រយ័ត្នថែរក្សាសុខភាព និងសុវត្ថិភាព ជាពិសេសកុមារ មនុស្សចាស់ និងអ្នកដែលងាយរងគ្រោះ ព្រមទាំងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការបង្ការហានិភ័យ និងដោះស្រាយស្ថានភាពទឹកជំនន់។ ជាមួយគ្នានេះ សូមបន្តរក្សាសាមគ្គីភាព ស្មារតីជួយគ្នាទៅវិញទៅមក និងចែករំលែកការលំបាកក្នុងសហគមន៍ ព្រោះ «ក្នុងគ្រាលំបាក កម្លាំងរបស់យើង គឺការរួមគ្នា»។ ក្នុងឱកាសនោះ ឯកឧត្តមបានបវរណាបច្ច័យកសាងចំនួន ១លានរៀល និងស៉ីម៉ងស៍ ៥តោន សម្រាប់ការកសាងព្រះវិហារ។


