ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រៀបចំពិធីនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និង សម្តែងព្រះធម៌ទេសនា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី ១២ នៅវត្តបុទុមវតីរាជវរារាម
នារសៀល ថ្ងៃពុធ ១១ រោច ខែ ភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៦, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, បានអញ្ជើញជាអធិបតីក្នុងពិធីនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និង សម្តែងព្រះធម៌ទេសនា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី ១២ នៅវត្តបុទុមវតីរាជវរារាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ព្រមទាំងភ្ញៀវកិត្តិយសជាពុទ្ធបរិស័ទមកពីទីជិតឆ្ងាយ ។
ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យបែបព្រះពុទ្ធសាសនា និង ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗនានា ដែលប្រជាជនខ្មែរតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំតាំងពីបរមបុរាណ ហើយជារៀងរាល់ឆ្នាំនារដូវបុណ្យភ្ជុំ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ តែងទទួលកាន់បិណ្ឌវេនទី ១២ នៅវត្តបទុមវតីរាជវរារាម ដើម្បីនាំយកបច្ច័យបុណ្យ និង គ្រឿងបរិក្ខារមួយចំនួនទៀត វេរប្រគេនថ្វាយដល់ព្រះសង្ឃ ដែលជាសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្នុងគោលបំណងបន្តចូលរួមប្រតិបត្តិនូវ ជំនឿប្រពៃណី និង ទំនៀមទម្លាប់ជាតិ ក្នុងការឧទ្ទិសកុសល និង ផលបុណ្យ ជូនចំពោះដូនតា បុព្វការីជន និង ញាតិសន្តាន ដែលបានចែកឋានទៅកាន់បរលោក ព្រមទាំងយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ។
នាវេលាដ៏នក្ខត្តឫក្សនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានប្រគេនថ្វាយថវិកាបច្ច័យព្រះធម្មទេសនា ដែលជាសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលជាការចូលរួមចំណែកក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា តាមគន្លងប្រពៃណីទំនៀមទម្លាប់ជាតិ ៕


