ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមពិធីសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន ក្នុងខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី ឯកឧត្តម កៅ សុវណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជការដ្ឋានកាំភ្លើងធំ។
ពិធីនេះធ្វើឡើងក្នុងគោលបំណងបន្តរឹតចំណងសម្ព័ន្ធមេត្រីភាពរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយបញ្ជាការដ្ឋានកាំភ្លើងធំ ដើម្បីផ្តល់ការគាំទ្រ និងលើកទឹកចិត្តរវាងសមរភូមិមុខ និងសមរភូមិក្រោយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ឯកឧត្តមរដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនយុទ្ធជនទាំងអស់។ ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះវីរភាពរបស់កងទ័ព និងកងកម្លាំងការពារព្រំដែន ដែលបានលះបង់យ៉ាងធំធេង ដើម្បីបុព្វហេតុការពារទឹកដីមាតុភូមិ។
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះកងកម្លាំង និងក្រុមគ្រួសារវីរយុទ្ធជន ដោយបានដាក់ចេញនូវវិធានការជាក់ស្តែងជាច្រើន រួមមានការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ការគិតគូរអំពីស្ថានភាពបំណុល ការបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃ ការជួយជ្រោមជ្រែងផ្នែកដើមទុន និងមធ្យោបាយកសិកម្ម-សិប្បកម្ម។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានផ្តល់សុខុមាលភាព និងកិច្ចគាំពារសង្គមតាមរយៈប័ណ្ណ ប.ស.ស. សម្រាប់ការព្យាបាលដោយឥតគិតថ្លៃ ការបើកផ្តល់ប្រាក់បៀវត្សរ៍ ២ដងក្នុងមួយខែ និងការដំឡើងជារៀងរាល់ឆ្នាំ។ គិតត្រឹមឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានរៀបចំភូមិឋានអតីតយុទ្ធជនចំនួន ១៤ទីតាំងទូទាំងប្រទេស និងបានសាងសង់ផ្ទះសរុបប្រមាណជាង ៧៦០០ខ្នង។
ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា បញ្ហាទាំងឡាយដែលកើតចេញពីសង្រ្គាមបានធ្វើឱ្យយើងយល់ច្បាស់ពីគុណតម្លៃនៃសុខសន្តិភាព ដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា។ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បាននិងកំពុងជំរុញការអភិវឌ្ឍបណ្តាញខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវក្រវាត់ព្រំដែន ដើម្បីពង្រឹងតំបន់ព្រំដែន។ ឯកឧត្តមបានផ្តាំផ្ញើដល់កងទ័ពទាំងអស់ឱ្យថែរក្សាសុខភាព និងបន្តពង្រឹងស្មារតីខ្ជាប់ខ្ជួនក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី ដោយបញ្ជាក់ថា បងប្អូនយុទ្ធជនមិននៅឯកោឡើយ ព្រោះនៅពីក្រោយបងប្អូនមានក្រុមគ្រួសារ ប្រជាជន រាជរដ្ឋាភិបាល និងជាតិមាតុភូមិដែលត្រូវការពារ៕


