ក្រសួងសង្គមកិច្ច សហការជាមួយសមាគមតន្ត្រីសំនៀងជនពិការ រៀបចំអាហារសាមគ្គីជួបជុំសិល្បករមានពិការភាព ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្ត•••

រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងបន្តអនុវត្តយ៉ាងសកម្មនូវគោលការណ៍ «មិនទុកឱ្យនរណាម្នាក់រស់នៅដោយឯកកោ ឬត្រូវបានមើលរំលងឡើយ» ដោយផ្តោតលើការលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងការបើកឱកាសស្មើៗគ្នាក្នុងការចូលរួមរាល់សកម្មភាពសង្គម។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងដោយ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី និងលោកជំទាវ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អាហារសាមគ្គីដល់សិល្បករ សិល្បការិនីជនមានពិការភាពភ្នែក និងកាយសម្បទា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ កាលពីល្ងាចថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ។

ក្នុងឱកាសនោះ ឯកឧត្ដម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានថ្លែងបញ្ជាក់ថា ក្រសួងសង្គមកិច្ច តែងតែរៀបចំកម្មវិធីជួបជុំ និងអញ្ជើញបងប្អូនដែលមានពិការភាព ជាពិសេសអ្នកជាសិល្បករ និងសិល្បការិនីពិការ ក្នុងឱកាសរដូវបុណ្យទានផ្សេងៗជាញឹកញាប់។ ឯកឧត្ដមបានគូសបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រសួងបានរៀបចំកម្មវិធីបែបនេះ ដោយមានការអនុញ្ញាត និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ដើម្បីផ្តល់ឱកាសឱ្យបងប្អូនជនពិការបានជួបជុំគ្នា ផ្លាស់ប្ដូរបរិយាកាស និងទទួលទានអាហារប្រកបដោយភាពសប្បាយរីករាយ និងស្នាមញញឹម។ ឯកឧត្ដម ចាប តូ បានផ្ញើសារអំពាវនាវយ៉ាងទទូចដល់សាធារណជនទាំងអស់ សូមកុំឱ្យមានការរើសអើងចំពោះជនដែលមានពិការភាព។ ឯកឧត្ដមក៏បានស្នើឱ្យមហាជនផ្លាស់ប្ដូរការទស្សនៈ ដោយផ្ដោតលើសមត្ថភាព និងទេពកោសល្យរបស់ពួកគាត់វិញ ព្រោះថ្វីត្បិតតែពួកគាត់មានពិការភាពកាយសម្បទាក៏ពិតមែន ប៉ុន្តែសមត្ថភាព និងទេពកោសល្យផ្នែកសិល្បៈរបស់ពួកគាត់គឺខ្លាំងក្លាណាស់។ លើសពីនេះ ឯកឧត្ដមបានឱ្យដឹងទៀតថា នៅថ្ងៃទី ២២ និង ២៣ ខាងមុខនេះ ក្រសួងព័ត៌មានក៏នឹងរៀបចំកម្មវិធីប្រឡងចម្រៀងដណ្តើមពានរង្វាន់ ដែលជាវេទិកាមួយទៀតក្នុងការបង្ហាញពីសមត្ថភាពដ៏លេចធ្លោរបស់សិល្បករ សិល្បការិនីដែលមានពិការភាពផងដែរ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ បានពាំនាំនូវមនោសញ្ចេតនានឹករលឹក និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជូនដល់បងប្អូនសិល្បករមានពិការភាពទាំងអស់។ ឯកឧត្តមបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែចាត់ទុកសិល្បករជាជនមានពិការភាពថាជា «ទ្រព្យធនសិល្បៈដ៏មានតម្លៃ និងជាគំរូនៃស្មារតីតស៊ូដ៏អស្ចារ្យ» នៅក្នុងសង្គមជាតិ ដោយសារពួកគាត់បានបង្ហាញនូវឆន្ទៈមោះមុត ទេពកោសល្យ និងស្នាដៃសិល្បៈតន្ត្រីយ៉ាងប៉ិនប្រសប់ ដែលមិនត្រឹមតែផ្តល់ភាពរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពថាមពល និងជាពន្លឺនៃក្តីសង្ឃឹមសម្រាប់មនុស្សគ្រប់រូប។ ឯកឧត្តម ប្រាក់ សុខយូរ បានបន្តថា ដើម្បីធានាបាននូវការគាំទ្រប្រកបដោយចីរភាព ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តបង្កើតបរិយាកាសគាំទ្រ ផ្តល់ភាពកក់ក្តៅ និងរៀបចំឱ្យមានវេទិកាបង្ហាញសមត្ថភាពឱ្យកាន់តែទូលំទូលាយ។ ការខិតខំប្រឹងប្រែងទាំងនេះគឺដើម្បីជួយជ្រោមជ្រែងដល់បងប្អូនសិល្បករ សិល្បការិនីមានពិការភាពទាំងអស់ ឱ្យមានឱកាសបញ្ចេញពន្លឺទេពកោសល្យរបស់ខ្លួនពេញលេញ ព្រមទាំងទទួលបាននូវក្តីស្រឡាញ់ ការទទួលស្គាល់ និងការលើកទឹកចិត្តយ៉ាងគប់គ្រាន់ពីសង្គមជាតិទាំងមូល។

គួរបញ្ជាក់ផងដែរថា ជំនួបអាហារសាមគ្គីក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ មិនត្រឹមតែជាការរំលឹកគុណបុព្វការីជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាក្សីបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងការផ្តល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមកក្នុងនាមជាគ្រួសារខ្មែរតែមួយ ដើម្បីឱ្យសិល្បករមានពិការភាពអាចបន្តដំណើរលើផ្លូវសិល្បៈដោយភាពជឿជាក់ ក្តីសង្ឃឹម និងមោទនភាព ជាមួយគ្នានេះដែរ ឯកឧត្ដម រដ្ឋមន្រ្តី ជា សុមេធី និងលោកជំទាវ ជា ផល្គុន បានផ្តល់នូវអាហារប៊ូហ្វេ និងបានឧបត្ថម្ភសិល្បករជនមានពិការភាពចំនួន ១០០នាក់នូវថវិកាក្នុងម្នាក់ៗ ៤ម៉ឺនរៀលផងដែរ៕