ប្រជាជនក្រិករាប់ពាន់នាក់ចេញមកតវ៉ាមិនស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាម៉េរិក Marco Rubio ដោយពួកគេស្រែកថា៖ អាម៉េរិកជាអ្នកបង្កើតសង្រ្គាមនៅមជ្ឈឹមបូព៌ា

ប្រជាជនក្រិករាប់ពាន់នាក់បានចេញមកតាមដងផ្លូវនានាក្នុងទីក្រុងអាថែន ដើម្បីតវ៉ាប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដោយបង្ហាញពីភាពខឹងសម្បាររបស់ពួកគេចំពោះសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀត។ លោក Rubio បានមកដល់ទីក្រុងអាថែនកាលពីយប់ថ្ងៃអង្គារនេះ សម្រាប់ដំណើរទស្សនកិច្ចក្នុងគោលបំណងពង្រឹងភាពជាដៃគូទ្វេភាគីលើ “អាទិភាពសំខាន់ៗរបស់រដ្ឋបាលអាមេរិក រួមទាំងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខក្នុងតំបន់ និងថាមពល” នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការបរទេសអាមេរិក។ ដំណើរទស្សនកិច្ចរបស់លោកបានជួបនឹងហេតុការណ៍ប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនក្រិក ដែលយល់ឃើញថាវានឹងធ្វើឱ្យប្រទេសរបស់ពួកគេកាន់តែជាប់ពាក់ព័ន្ធនឹងសង្គ្រាមរបស់អាម៉េរិកបន្ថែមទៀត។ អ្នកតវ៉ាដែលមកពីសមាគមពាណិជ្ជកម្ម និងសហជីពការងារ បានលើកបដាដែលមានខ្លឹមសារថា “សូមបិទមូលដ្ឋានយោធាអាមេរិកទៅ” និង ពាក្យ “មិនយកសង្គ្រាមបែបចក្រពត្តិនិយមដែលបង្កឱ្យមានភាពក្រីក្រ និងជនភៀសខ្លួននោះ” និង “យើងមិនស្វាគមន៍លោក Rubio ឡើយ”។ អំឡុងពេលតវ៉ានោះ គេក៏បានឃើញទង់ជាតិប៉ាឡេស្ទីន និងគុយបាត្រូវបានលើកឡើងនៅពីលើហ្វូងបាតុករដែរ ខណៈដែលអ្នកតវ៉ាបានស្រែកពាក្យស្លោកប្រឆាំងនឹងសង្គ្រាម ដោយថ្កោលទោសសង្គ្រាមរបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ា ការដាក់ទណ្ឌកម្មបិទខ្ទប់លើប្រទេសគុយបា និងការគាំទ្រដល់ការកាន់កាប់ទឹកដីប៉ាឡេស្ទីនដោយអ៊ីស្រាអែលជាដើម។ ពួកគេក៏បានទាមទារឱ្យប្រទេសក្រិកបិទមូលដ្ឋានយោធា NATO និងរក្សាប្រទេសឱ្យនៅឆ្ងាយពីប្រតិបត្តិការយោធារបស់អាមេរិក និង NATO ជាដាច់ខាត។ សូមបញ្ជាក់ថានាព្រឹកថ្ងៃពុធនេះ លោក Rubio បានចាប់ផ្តើមដំណើរទស្សនកិច្ច ដោយជួបជាមួយរដ្ឋមន្ត្រីការបរទេសក្រិក លោក George Gerapetritis។ លោកគ្រោងនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ក្រិកផ្សេងទៀតនៅថ្ងៃដដែល មុនពេលថ្លែងសុន្ទរកថាដ៏សំខាន់មួយស្តីពីលទ្ធិប្រជាធិបតេយ្យ នៅជិតតំបន់ប្រវត្តិសាស្ត្រ Acropolis ដែលជានិមិត្តរូបដ៏ល្បីល្បាញនៃប្រទេសក្រិកបុរាណ និងជាកន្លែងនៃបណ្តុំគំនិតរបស់រដ្ឋាភិបាល ដែលមានប្រជាជនចូលរួមចំណែកបង្កើតឡើងដែរ។ រដ្ឋបាលរបស់លោក Trump បានរិះគន់ម្តងហើយម្តងទៀតចំពោះប្រទេសនានានៅអឺរ៉ុបថា៖ បានថយក្រោយលើគោលការណ៍ប្រជាធិបតេយ្យ ដោយការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិរបស់អ្នកអភិរក្សនិយម និងការមិនគោរពតាមការសន្យាជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែប្រទេសទាំងនោះភាគច្រើនបានបដិសេធលើការរិះគន់ទាំងនោះ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Trump ថា៖ បានប្រព្រឹត្តអាកប្បកិរិយាដូចនឹងអ្វីដែលលោកចោតគេដែរ គឺប្រៀបដូចជានិយាយជាន់កែងខ្លួនឯងជានិច្ច៕

សម្រួលអត្ថបទ៖ សុផារិន្ទ