ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន អញ្ជើញធ្វើពិធីរាប់បាត្រ វេរភត្តប្រគេនព្រះសង្ឃ សូត្រមន្ត បង្សុកូល និងពហូឆ្លង ឧទ្ទិសកុសលជូនញាតិកាទាំង៧សណ្ឋាន ដែលបានចែកឋានទៅ ក្នុងឱកាសបង្ហើយវេនបិណ្ឌទី១១ នៅវត្តព្រះពុទ្ធឃោសាចារ្យ (វត្តចិនដំដែក)
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី១១ នៅវត្តព្រះពុទ្ធឃោសាចារ្យ (វត្តចិនដំដែក) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន បានប្រារព្ធពិធីរាប់បាត្រ និងវេរភត្តប្រគេនព្រះសង្ឃ ព្រមទាំងនិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល និងពហូឆ្លង តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិកាទាំង៧សណ្ឋាន និងញាតិមិត្តដែលបានចែកឋានទៅកាន់លោកខាងមុខ។
ពិធីបុណ្យកាន់បិណ្ឌនេះ ក៏ជាឱកាសដ៏ប្រពៃសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន រួមគ្នាបំពេញកុសល និងចូលរួមថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងព្រះពុទ្ធសាសនា ដែលជាមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិខ្មែរ។
ការប្រតិបត្តិតាមពិធីបុណ្យកាន់បិណ្ឌ និងការឧទ្ទិសកុសលជូនដល់ញាតិដែលបានចែកឋានទៅ គឺជាប្រពៃណីដ៏ល្អផូរផង់របស់ប្រជាពលរដ្ឋខ្មែរ ដែលបានប្រតិបត្តិតៗគ្នាមកជាយូរលង់ ដោយផ្សារភ្ជាប់នឹងការបណ្តុះស្មារតីកតញ្ញូ កតវេទី និងការរួបរួមគ្នារក្សាអត្តសញ្ញាណវប្បធម៌ជាតិ៕


