ព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ គឺជាការត្រៀមខ្លួនយ៉ាងសំខាន់ និងជាការវាស់ស្ទង់សមត្ថភាពរបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗចំនួន៣ នាពេលខាងមុខ។
ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍អន្តរជាតិធំៗទាំង៣ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ រួមមាន៖ ព្រឹត្តិការណ៍កីឡា សាកលវិទ្យាល័យ អាស៊ាន ឆ្នាំ២០២៨ ព្រឹត្តិការណ៍កីឡា ប៉ារ៉ាហ្គេម អាស៊ី ឆ្នាំ២០២៩ ព្រឹត្តិការណ៍កីឡា យុវជនអាស៊ី ឆ្នាំ២០៣១ ។
ឯកឧត្ដម រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការរៀបចំព្រឹត្តិការណ៍ អន្តរជាតិ ជាបន្តបន្ទាប់នេះ មិនត្រឹមតែជាការអភិវឌ្ឍវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីសក្ដានុពល និងសមត្ថភាពដ៏រឹងមាំរបស់កម្ពុជា ក្នុងការរៀបចំការប្រកួតលំដាប់អន្តរជាតិឱ្យកាន់តែរលូន និងមានស្តង់ដារ។
ទាក់ទិននឹងការរៀបចំកីឡាជាតិឆ្នាំនេះ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ “កីឡាដើម្បីឯកភាពជាតិ” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
ចំពោះពិធីបើកជាផ្លូវការ នឹងប្រារព្ធឡើងនាថ្ងៃទី៧ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ការប្រកួត គឺកីឡាជាតិមាន៣២ប្រភេទកីឡា និងកីឡាជាតិជនពិការមាន១០ប្រភេទកីឡា សរុប៣០៤វិញ្ញាសា ខណៈគ្រូបង្វឹក និងអត្តពលិកមាន៤៧៧៣នាក់។
សមាសភាពប្រតិភូចូលរួមប្រកួតប្រជែងមានមកពី២៥រាជធានី ខេត្ត និង៣ក្រសួង គឺ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះទីតាំងប្រកួត គឺនៅរាជធានីភ្នំពេញមាន១៧ទីលាន ស្របពេលខេត្តកែប រៀបចំកីឡាទ្រីអាត្លុង ខេត្តស្វាយរៀង រៀបចំកីឡាទូកកានូ កាយ៉ាក និងខេត្តកំពង់ឆ្នាំង មានការប្រកួតទោចក្រយាន៕


