ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន និងលោកជំទាវ អញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ខេត្តកំពង់ចាម។
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃពុធ ១១ រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និង លោកជំទាវ សូ ភត្រ្តា លោកជំទាវ ករុណាសិរីសុវឌ្ឍនី លុយ គន្ធី អគ្គមហាឧបាសិកាពុទ្ធ សាសនូបត្ថម្ភក៍ បានអញ្ជើញកាន់បិណ្ឌវេនទី១១ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា លោកតាជី លោកយាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ។
នៅពេលអញ្ជើញដល់សាលាធម្មសភា វត្តខេមវ័ន(ហៅវត្តបឹងស្នាយ) ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ បានបានបូជាគ្រឿងសក្ការៈ បូជា គន្ធពិដោរ នាំយកទេយ្យវត្ថុ គ្រឿងបរិក្ខារ និងបរវណាបច្ច័យ៤ប្រគេនចំពោះព្រះសង្ឃ ប្រារព្ធបទនមស្សកាព្រះរតនត្រ័យ រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល និងបាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ស្វាធ្យាយពុទ្ធជ័យមង្គលជូនដល់ប្រមុខដឹកនាំកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបិណ្ឌត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងធម្មការនិងសាសនាទាំងអស់ ដែលកំពុងបំពេញភារកិច្ចរៀងៗខ្លួនយ៉ាងសស្រាក់សស្រាំ ព្រមទាំងក្រុមគ្រួសារ ញាតិមិត្ត សូមទទួលបាននូវសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ចការងារ ។
ពិធីកាន់បិណ្ឌវេនទី១១នេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញប្រគេន ទេយ្យទាន បវរណាចតុបច្ច័យ ប្រគេនដល់ព្រះសង្ឃ និងអញ្ជើញ រាប់បាត្រ និមន្តព្រះសង្ឃ បង្សុកូលឧទ្ទិសមហាកុសលផលបុណ្យ ដើម្បីជាកិច្ចប្រគេននិងជូនចំពោះដួងវិញ្ញាណក្ខន្ធ សម្តេចព្រះឧត្តមមុនី ម៉ែន ទួន អតីតព្រះចៅអធិការវត្ត ខេមវ័ន( ហៅវត្តបឹងស្នាយ ) និងឧកញ៉ា មហាសប្បុរសធម្មសិរីញាណ ចាយ ស៊ាងអុី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាឪពុកបង្កើត ឯកឧត្តម រដ្ឋមន្រ្តី ព្រមទាំងដួងវិញ្ញាណក្ខន្ធបុព្វការី ញាតិកាទាំង៧សន្តាន និងម្យ៉ាងទៀតសូមឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលពលីជីវិតនៅក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី សូមបានទៅកាន់ទីឋានដ៏ខ្ពង់ខ្ពស់ ប្រកបដោយបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។
ដោយឡែកទេយ្យទាន គ្រឿងអត្ថបរិក្ខារ និងបច្ច័យដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងសហការី យកមកប្រគេនព្រះសង្ឃនាឱកាសនេះរួមមាន ៖ អង្ករ សាដក ទឹកបរិសុទ្ធ គ្រឿងអត្ថបរិក្ខារ និងបច្ច័យកសាងវត្ត និងចែកជូនតាជី យាយជី នូវថវិកាមួយចំនួនផងដែរ។
សូមជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់មួយរបស់ប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេស ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃជារៀងរាល់ឆ្នាំ។ ក្នុងឱកាសនេះ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន តែងតែវិលត្រឡប់ទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារ និងញាតិមិត្ត ដើម្បីធ្វើបុណ្យធ្វើទាន ប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិការដែលបានចែកឋានទៅកាន់លោកខាងមុខទៅតាមទំនៀមទម្លាប់ខ្មែរ៕


