លោកជំទាវកិត្តបណ្ឌិត អ៉ឹង កន្ធាផាវីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ទីប្រឹក្សា មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តជននៃក្រសួងកិច្ចការនារី

ទីស្តីការក្រសួងកិច្ចការនារី៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ទីប្រឹក្សា មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តជននៃក្រសួងកិច្ចការនារីសរុបប្រមាណ ៣២៦នាក់ (ស្ត្រី ២០៥នាក់) ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ រដ្ឋមន្ត្រីមានប្រសាសន៏ថានេះជារៀងរាល់ឆ្នាំប្រជាពលរដ្ឋគ្រប់រូបតែងតែប្រកាន់ភ្ជាប់នូវប្រពៃណីខ្មែរយើង អោយមានពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យបែបព្រះពុទ្ធសាសនាដ៏សំខាន់មួយរបស់ប្រជាជនកម្ពុជា ប្រារព្ធឡើងក្នុងរយៈពេល ១៥ ថ្ងៃ គឺចាប់ពីថ្ងៃកាន់បិណ្ឌ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។ ក្នុងឱកាសនេះ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន តែងតែវិលត្រឡប់ទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារ និងញាតិមិត្ត ដើម្បីធ្វើបុណ្យធ្វើទាន ប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិការដែលបានចែកឋានទៅកាន់លោកខាងមុខ។
លោកជំទាវមានប្រសាសន៏បន្តថាតាមទំនៀមទម្លាប់ខ្មែរ ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ក៏ជាឱកាសដ៏មានតម្លៃសម្រាប់កូនចៅសម្តែងនូវការដឹងគុណ និងការចងចាំចំពោះឪពុកម្តាយ ជីដូនជីតា បុព្វការីជន និងសាច់ញាតិដែលបានបំពេញគុណូបការៈចំពោះគ្រួសារ និងសង្គម។

ចុងបញ្ចប់លោកជំទាវបានជូនពរដល់បងប្អូនទាំងអស់គ្នា ឱ្យទទួលបាននូវសេចក្តីសុខ សុភមង្គល និងធ្វើដំណើរទៅកាន់ស្រុកកំណើត ឬទីកន្លែងកម្សាន្តនានាដោយប្រុងប្រយ័ត្ន និងសុវត្ថិភាព។