ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម​ ព្រមទាំងសហការីនៃធនាគារARDB នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃនៅវត្តបទុមវតី ដើម្បីចាត់ចែងសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) និងលោកជំទាវ សួរ សុខគីម​ព្រមទាំង​សហការី ព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ខែតុលាឆ្នាំ២០២៦នេះបានដឹកនាំក្រុមគ្រួសារ ព្រមទាំងសហការីនាំយកទេយ្យវត្ថុនិងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃនៅវត្តបទុមវតី ដើម្បីព្រះអង្គចាត់ចែងសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ព្រមទាំងក្រុមគ្រួសារបានអញ្ជើញអុជទៀនធូបបូជាថ្វាយព្រះពុទ្ធបដិមា ក្រាបថ្វាយបង្គំប្រគេនទេយ្យវត្ថុនិងបច្ច័យផ្សេងៗ និងបច្ច័យបួន ចំពោះ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ និង សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ប្រធានលេខាធិការដ្ឋានគណៈនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះបុព្វការីជន ញាតិកាទាំងគ្រប់សណ្តាន។

បន្ទាប់មកជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ក៏បានសម្តែងទឹកចិត្តសទ្ទាជ្រះថ្លាចូលរួមផងដែរ នាពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌដែលជាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរដែនដូនតាបានបន្សល់ទុក ពីមួយជំនាន់ទៅមួយជំនាន់ ដែលបានឆ្លុះបញ្ចាំងអំពីគុណតម្លៃនៃការដឹងគុណ ការគោរពបុព្វបុរសជាតិ និងស្មារតីសាមគ្គីភាពជាតិនៅក្នុងសង្គមកម្ពុជា ៕