ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បើកវគ្គបណ្តុះបណ្តាល «ការគ្រប់គ្រងធនធានមនុស្ស និងលិខិតរដ្ឋបាល» ដើម្បីលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពការងារមន្ត្រីក្រសួងព័ត៌មាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងធនធានមនុស្ស និងលិខិតរដ្ឋបាល» ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពរបស់មន្ត្រីរាជការ ដែលទទួលបន្ទុកការងារគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាលនៅតាមអង្គភាពចំណុះក្រសួង ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ។
លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន បានជម្រាបជូនថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន លើការកសាង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដែលជាមូលដ្ឋានសម្រាប់លើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។
លោកជំទាវអគ្គលេខាធិការ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ក៏ជាផ្នែកមួយនៃការអនុវត្តផែនការសកម្មភាពការងាររបស់អគ្គលេខាធិការដ្ឋាន ឆ្នាំ២០២៦-២០២៨ និងយុទ្ធសាស្ត្រទី៣ ស្តីពី «ការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះស្មារតីវិជ្ជាជីវៈ» ស្របតាមផែនការកសាង និងអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៥-២០២៨។
សិក្ខាកាមចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ មកពីអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានទាំង៤ និងអង្គភាពចំណុះក្រសួង ដែលមានមុខតំណែងចាប់ពីមន្ត្រីរហូតដល់អនុប្រធាននាយកដ្ឋាន និងទទួលបន្ទុកការងារធនធានមនុស្ស និងរដ្ឋបាល សរុបចំនួន៨០រូប ក្នុងនោះមានស្ត្រីចំនួន៤១រូប។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការគ្រប់គ្រងធនធានមនុស្ស និងការងាររដ្ឋបាល ក្នុងការធានាបាននូវប្រសិទ្ធភាពការងារ និងការអនុវត្តភារកិច្ចរបស់មន្ត្រីរាជការប្រកបដោយវិជ្ជាជីវៈ និងវិន័យ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីការពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ បទពិសោធន៍ និងវិន័យការងារ ព្រមទាំងការវាយតម្លៃលទ្ធផលការងារ និងការបង្កើតបរិយាកាសការងារល្អ។ ជាមួយគ្នានេះ ក៏ត្រូវយកចិត្តទុកដាក់លើការរៀបចំផែនការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ និងការអនុវត្តនីតិវិធីពាក់ព័ន្ធនឹងការគ្រប់គ្រងវត្តមាន និងការឈប់សម្រាករបស់មន្ត្រីរាជការ ឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិជាធរមាន។
ពាក់ព័ន្ធនឹងការងារលិខិតរដ្ឋបាល ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់លើការតាក់តែងលិខិតបទដ្ឋានគតិយុត្ត និងលិខិតរដ្ឋបាល ការគ្រប់គ្រងលំហូរ និងការចរាចរឯកសារ ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត និងស្តង់ដាររួម ស្របតាមគោលការណ៍ណែនាំ និងបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល ព្រមទាំងសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលទៅអនុវត្តក្នុងការងារជាក់ស្តែង ដើម្បីរួមចំណែកពង្រឹងការគ្រប់គ្រងធនធានមនុស្ស ការងាររដ្ឋបាល និងប្រសិទ្ធភាពការបំពេញការងាររបស់មន្ត្រីក្រសួងព័ត៌មាន៕


