ឯកឧត្តម ឈិន កេតនា ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធរួមសហការគ្នារៀបចំពិធីបដិសណ្ឋារកិច្ចទទួលដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្ត្រីវៀតណាម ឱ្យទទួលបានជោគជ័យ និងមានសណ្តាប់ធ្នាប់ខ្ពស់
ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានមានប្រសាសន៍គូសបញ្ជាក់ និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល ត្រូវរួមសហការគ្នាឱ្យបានស្អិតរមួត ដើម្បីធានាឱ្យពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងកិត្តិយសបំផុត។
មានប្រសាសន៍បើកអង្គប្រជុំនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឈិន កេតនា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ ឯកឧត្តម ង្វៀន មិញ វូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នទាំងអស់ ដែលបានចូលរួមប្រជុំយ៉ាងផុសផុល។ ឯកឧត្តមបានជម្រាបជូនអង្គប្រជុំអំពីខ្លឹមសារស្មារតីនៃលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយបានលើកឡើងថា «ការរៀបចំពិធីបដិសណ្ឋារកិច្ចទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ ឯកឧត្តម ឡេ មិញ ហុឹង (Le Minh Hung) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា គឺជាភារកិច្ចដ៏មានសារៈសំខាន់ ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ រៀបចំកិច្ចការចាំបាច់ទាំងអស់ឱ្យបានល្អិតល្អន់ និងស័ក្តិសមជាទីបំផុត ដើម្បីលើកកម្ពស់កិត្តិយស និងមុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា»។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តណែនាំ និងបែងចែកភារកិច្ចជាក់ស្តែងដល់អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ រួមមាន៖ រដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមបានណែនាំឱ្យ ចាត់តាំងកម្លាំងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ចរាចរណ៍ និងកម្លាំងមហាជនដើម្បីត្រៀមអបអរគណៈប្រតិភូ អោយបានត្រឹមត្រូវ។ ចំពោះរដ្ឋបាលខេត្តកណ្តាល ឯកឧត្តមបានណែនាំឱ្យសហការការពារសន្តិសុខ សុវត្ថិភាពចរាចរណ៍តាមដងផ្លូវចាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ រហូតដល់ព្រំប្រទល់រាជធានីភ្នំពេញ និងកម្លាំងមហាជនដើម្បីត្រៀមអបអរគណៈប្រតិភូផងដែរ។
ឯកឧត្តម ឈិន កេតនា មានប្រសាសន៍លើឡើងដែរថា ពិធីបដិសណ្ឋារកិច្ចលើកនេះ ក៏មិនខុសគ្នាចំពោះពិធីបដិសណ្ឋារកិច្ចសម្រាប់ថ្នាក់ដឹកនាំកំពូលៗនាពេលកន្លងមកនោះឡើយ ព្រោះជាកិច្ចការងារជំនាញដែលស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ចាត់តាំងអនុវត្តបានយ៉ាងស្ទាត់ជំនាញ និងសម្រេចបានជោគជ័យជាបន្តបន្ទាប់ជារៀងរហូតមក។
ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលេចបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ យើងក៏មិនត្រូវមើលស្រាលលើការងារបច្ចេកទេស និងសន្តិសុខឡើយ ហើយត្រូវតែបន្តយកចិត្តទុកដាក់រៀបចំកិច្ចការចាំបាច់ទាំងអស់ឱ្យបានល្អិតល្អន់បំផុត ដើម្បីលើកកម្ពស់កិត្តិយស និងមុខមាត់របស់ជាតិ។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានសំណូមពរ និងជំរុញដល់សមាជិក សមាជិកាអង្គប្រជុំទាំងអស់ ត្រូវនាំយកខ្លឹមសារ និងភារកិច្ចដែលបានឯកភាពគ្នានេះ ទៅរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរៀងៗខ្លួន និងខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចបានលទ្ធផលល្អប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយ ឯកឧត្តម ឡេ មិញ ហុឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយម វៀតណាម នឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ហើយនឹងបញ្ចប់ទស្សនកិច្ចធ្វើមាតុភូមិនិវត្តន៍វិញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦៕



