ខួប៣ឆ្នាំនៃការផ្ទុះសង្រ្គាមនៅ GAZA នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្តេជ្ញាបន្តប្រតិបត្តិការយោធាប្រឆាំងនឹងក្រុម Hamas និងក្រុម Hezbollah នៅប្រទេសលីបង់ដែលមានអ៊ីរ៉ង់ជាអ្នកជ្រោមជ្រែង
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងថា៖ អ៊ីស្រាអែលនឹងបន្តប្រតិបត្តិការប្រឆាំងនឹងក្រុម Hamas ខណៈពេលដែលប្រទេសនេះក៏នៅតែបន្តការវាយប្រហារផ្នែកយោធាប្រឆាំងនឹងក្រុម Hezbollah នៅប្រទេសលីបង់ផងដែរ។ លោក Netanyahu បានថ្លែងនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធមួយពីទីក្រុង Jerusalem ដើម្បីរំលឹកខួប៣ឆ្នាំនៃការវាយប្រហារកាលពីថ្ងៃទី៧ តុលា ឆ្នាំ២០២៣ថា៖ ក្រុម Hamas នឹងមិនអាចគ្រប់គ្រងតំបន់ Gaza បានទៀតឡើយ ហើយអ៊ីស្រាអែលនឹងបន្ត «កម្ចាត់» អ្នកដែលពាក់ព័ន្ធនឹងការវាយប្រហារ និងការចាប់ខ្លួនប្រជាជនអ៊ីស្រាអែលកាលពី៣ឆ្នាំមុន។ លោកក៏បានបញ្ជាក់ផងដែរថា៖ ចំណែករដ្ឋអ៊ីរ៉ង់វិញក៏នឹងមិនត្រូវបានអនុញ្ញាតឱ្យគំរាមកំហែងដល់សន្តិសុខរបស់អ៊ីស្រាអែលទៀតឡើយ។ ការវាយប្រហារដែលដឹកនាំដោយក្រុម Hamas កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បានសម្លាប់មនុស្សប្រហែល ១,២០០ នាក់នៅក្នុងប្រទេសអ៊ីស្រាអែល។ ព្រឹត្តិការណ៍នេះបានបង្កឱ្យអ៊ីស្រាអែលមានកំហឹង និង បង្កើតប្រតិបត្តិការយោធាដ៏ធំរបស់ខ្លួននៅទូទាំងតំបន់ Gaza ដើម្បីវាយបកពួកគេវិញ ដែលធ្វើឲ្យមានមនុស្សស្លាប់រហូតដល់ជាង ៧៤,២០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលនៃតំបន់ Gaza។ អ៊ីស្រាអែលបានសម្លាប់មេដឹកនាំជាន់ខ្ពស់ជាច្រើនរូបរបស់ក្រុម Hamas ក្នុងអំឡុងពេលប្រតិបត្តិការយោធារយៈពេល៣ឆ្នាំមកនេះនៅតំបន់ Gaza ក្នុងនោះរួមមានទាំងលោក Yahya Sinwar និងប្អូនប្រុសរបស់គាត់គឺលោក Mohammad Sinwar ផងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ


