ទណ្ឌិតភាគច្រើនក្នុងពន្ធនាគារប្រទេសកេនយ៉ាបង្ហាញនូវភាពសុទិដ្ឋិនិយមរបស់ពួកគេដែលបានលេងអុកដើម្បីស្វែងរកភាពស្ងប់ស្ងាត់ ផ្ចង់អារម្មណ៍ និងជួយកែប្រែអាកប្បកិរិយា

ស្ថិយក្នុងសម្លៀកបំពាក់ ឆ្នូតពណ៌ស-ខ្មៅ គឺជាឯកសណ្ឋានពន្ធនាគាររបស់លោក Brian Gatonye គឺស៊ីពណ៌គ្នាទៅនឹងពណ៌ គ្រាប់អុកដែលគាត់បានប្រើនៅលើក្តារអុករក្នុងពន្ធនាគារ Maranjau នៃប្រទេសកេនយ៉ា។ បុរសវ័យ ២៧ ឆ្នាំរូបនេះបានជាប់ពន្ធនាគាររយៈពេលប្រហែល ១៨ ខែមកហើយ ក្នុងចំណោមទោសជាប់ពន្ធនាគារ៣ឆ្នាំរបស់លោក ពីបទប្រើអំពើហិង្សា ហើយគាត់នឹងត្រូវដោះលែងនៅខែវិច្ឆិកាឆ្នាំ២០២៧។ ដើម្បីកាត់បន្ថយភាពធុញថប់ក្នុងពន្ធនាគារ គាត់បានជ្រើសរើសការគូររូប និងលេងអុកជាល្បែងយុទ្ធសាស្ត្រដ៏ពេញនិយមមួយ។ ក្នុងអំឡុងពេលសម្រាកនៅទីធ្លាពន្ធនាគារ គាត់តែងតែគិតគូរអំពីជំហានបន្ទាប់របស់គាត់ ថាតើគួរដើរដោយប្រើគ្រាប់ “pawn” (ជាគ្រាប់តូច) ឬគ្រាប់ “knight” (ជាគ្រាប់សេះ)។ ពេលវេលាសម្រាកមិនមានរយៈពេលយូរនោះទេ ប៉ុន្តែប្រសិនបើគាត់លេងអុកចប់ គឺវាដើរឆាប់ណាស់ គាត់អាចនឹងមានពេលវេលាលេងអុកដោយប្រកួតជាមួយឆ្មាំពន្ធនាគារម្នាក់ដែលមានជំនាញលេងអុកដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ គាត់បានរៀនសូត្រពីការលេងអុកនេះថា៖ ការប្រញាប់ប្រញាល់ ឬជាពិសេសការធ្វើសកម្មភាពដោយមិនបានគិតគូរឱ្យបានល្អិតល្អន់ (ដោយធ្វើតាមអារម្មណ៍ភ្លាមៗ) គឺមិនមែនជារឿងល្អនោះទេ ទាំងនៅក្នុងការលេងអុក និងនៅក្នុងជីវិតពិត។ លោក Gatonye និយាយថា៖ ការលេងអុកបានបង្រៀនខ្ញុំច្រើនណាស់នៅទីនេះ។ ការលេងអុកវាបានបង្រៀនខ្ញុំឱ្យចេះរក្សាភាពស្ងប់ស្ងាត់ និងចេះសម្រេចចិត្តដោយឈ្លាសវៃ។ មុននឹងធ្វើសកម្មភាពអ្វីមួយ ខ្ញុំត្រូវគិតជាមុនសិន អំពីផលវិបាកដែលអាចកើតឡើង រួចទើបខ្ញុំធ្វើការផ្លាស់ទី (ឬដើរគ្រាប់អុក)។ លោក Gatonye គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកទោសកេនយ៉ាជាច្រើននាក់ដែលបានចាប់ផ្តើមលេងអុកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ល្បែងកំសាន្តនេះបានក្លាយជាផ្នែកមួយនៃកម្មវិធីកែប្រែឥរិយាបថទណ្ឌិតនៅក្នុងពន្ធនាគារនានាក្នុងប្រទេសនេះ ដែលមន្ត្រី និងអ្នកចូលរួមបានលើកឡើងថា វាជួយជំរុញឱ្យទណ្ឌិតមានពេលគិតពិចារណា និង ស្វែងយល់បន្ថែមនូវទង្វើរបស់ពួកគេ ជួយឲ្យពួកគេមានភាពអត់ធ្មត់ខ្ពស់ ផ្តល់សមត្ថភាពក្នុងដោះស្រាយបញ្ហា និងការប្រាស្រ័យទាក់ទងគ្នារវាងអ្នកទោស និងឆ្មាំពន្ធនាគារបាន។ អ្នកទោសជាច្រើននាក់ក្នុងចំណោមអ្នកទោស៤៥០នាក់ដែលជាមិត្តរួមពន្ធនាគាររបស់លោក Gatonye ដែរ បានជ្រើសរើសការលេងអុកជាជាងការសម្រាក ឬលេងបាល់ទាត់។ ពួកគេចាប់អារម្មណ៍នឹងយុទ្ធសាស្ត្រនៃល្បែងកំសាន្តនេះ ហើយការប្រកួតអុកជាប្រចាំថ្ងៃនេះ បានជះឥទ្ធិពលដល់ការបត់បែនអាកប្បកិរិយា និងទស្សនៈរបស់ពួកគេបានច្រើនជាងមុន៕

សម្រួលអត្ថបទ៖ សុផារិន្ទ