ហេតុអ្វីសម្លេងរបស់យើង ក្តីកង្វល់របស់យើងមិនអាចលឺដល់មេដឹកនាំបាន? នេះជាសំដីរបស់ប្រធានសមាគមសិស្សវិទ្យាល័យ ដែលបានចូលរួមតវ៉ាទ្រង់ទ្រាយធំនៅទូទាំងប្រទេសបារាំង
សិស្សវិទ្យាល័យនៅក្នុងប្រទេសបារាំងបានត្រឡប់មកចូលរួមធ្វើសកម្មភាពតវ៉ា និងបិទផ្លូវចូលសាលារៀនម្តងទៀតនៅសប្តាហ៍នេះ ក្នុងចលនាតវ៉ាមួយដែលកំពុងធ្វើឱ្យរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Emmanuel Macron មានភាពរង្គោះរង្គើហើយ។ ការតវ៉ានេះបានផ្ទុះឡើងដំបូងនៅក្នុងតំបន់តូចៗក្នុងទីក្រុងប៉ារីសនៅពាក់កណ្តាលខែកញ្ញា។ គ្រូបង្រៀន និងសិស្សវិទ្យាល័យបានប្រមូលផ្តុំគ្នាប្រឆាំងនឹងស្ថានភាពកង្វះខាតបុគ្គលិកនៅវិទ្យាល័យមួយក្នុងទីក្រុង Creteil ដែលស្ថិតនៅជាយក្រុងភាគអាគ្នេយ៍នៃរដ្ឋធានីបារាំង។ ចាប់ពីពេលនោះមកពួកគេបានធ្វើសកម្មភាពប្រឆាំងដោយប្រយោល គឺឈប់ចូលរៀន បិទផ្លូវចូលសាលា និងការតវ៉ាផ្សេងៗទៀត ដែលវាបានរីករីករាលដាលទៅជាទ្រង់ទ្រាយធំចេញពីជាយទីក្រុងប៉ារីសផ្សេងទៀតដែរ ហើយបន្ទាប់មកវាក៏បានរីករាលដាលពាសពេញផ្ទៃប្រទេស រួមទាំងការតវ៉ានៅតាមវិទ្យាល័យក្នុងទីក្រុងតូចៗ។ សម្រាប់លោក Nathanael Combary ដែលជាប្រធានសមាគមសិស្សវិទ្យាល័យថ្នាក់ជាតិដែលពួកគេឲ្យឈ្មោះថា៖ ‘Renouveau Lyceen’ បានបញ្ជាក់ថា៖ កង្វល់ចម្បងគឺសភាពអគារសាលារៀនទ្រុឌទ្រោមខ្លាំង (ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារវិបត្តិអាកាសធាតុ រលកកំដៅ) និងកង្វះខាតគ្រូបង្រៀនដល់ពួកគេ។ ពួកគេកំពុងទាមទារឱ្យមានធនធានមនុស្ស និងធនធានហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់ប្រព័ន្ធអប់រំថ្នាក់ជាតិ។ លោក Combary បានប្រាប់ទីភ្នាក់ងារព័ត៌មានបរទេសថា៖ អ្វីដែលយើងចង់និយាយនៅថ្ងៃនេះ គឺថាសិស្សវិទ្យាល័យមួយចំនួនមានអារម្មណ៍ថា សំឡេងរបស់ពួកគេមិនត្រូវបានលឺទៅកាន់មេដឹកនាំ ឬ ទទួលយកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ដូច្នេះ វាជារឿងដែលអាចយល់បានហើយថាមនុស្សមួយចំនួនមើលឃើញថា ការបិទផ្លូវចូលសាលារៀនគឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចេញមតិរបស់ពួកគេតែម្តង។ សំណួរដ៏សំខាន់មួយគឺសួរថាតើអំពើហិង្សាដែលកើតឡើងអមជាមួយការតវ៉ានេះដែលកាន់តែធ្ងន់ធ្ងរកើនឡើងនៅពេលនេះ កើតដោយសារអ្វីឱ្យប្រាកដ? ហើយថាតើអ្វីទៅដែលធ្វើឱ្យព្រំដែនរវាងការតវ៉ា និងការបង្កចលាចល (ជាកុបកម្ម) មានភាពមិនច្បាស់លាស់នោះ? ហើយថាតើរដ្ឋាភិបាលរបស់លោក Macron នឹងបង្កើនវិធានការតឹងរ៉ឹងរបស់ប៉ូលិសដែលកំពុងអនុវត្តស្រាប់នោះឱ្យកាន់តែខ្លាំងក្លាឡើងបានដែរឬទេ? លោក Combary និយាយទៀតថា៖ អំពើហិង្សាដែលបានឃើញក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះនៅក្បែរទីតាំងបិទផ្លូវចូលសាលារៀន គឺជា «អំពើហិង្សាក្នុងទីក្រុង» ដែលមិនពាក់ព័ន្ធនឹងចលនារបស់សិស្សនោះទេ។ លោកបានពន្យល់ថា៖ ប្រសិនបើមានសារមួយដែលខ្ញុំអាចផ្ញើទៅកាន់សិស្សវិទ្យាល័យបាន នោះគឺត្រូវមានការទទួលខុសត្រូវ កុំធ្លាក់ចូលទៅក្នុងអំពើហិង្សាដែលបង្កគ្រោះថ្នាក់ដល់ខ្លួនយើង និងផ្តល់ឱកាសដល់អ្នកដែលចង់ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់យើងទៅវិញនោះទេ»។ សហជីពវិទ្យាល័យ និងសហជីពសិស្សសាលាបានប្រកាសពីការតវ៉ាទ្រង់ទ្រាយធំមួយទៀតរបស់ពួកគេនៅទីក្រុងប៉ារីសនារសៀលថ្ងៃអង្គារនេះ។ ការជួបជុំតវ៉ាក៏នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងប្រហែល៣០ផ្សេងទៀតផងដែររួមមានទីក្រុង Tours, Rennes, Brest, Nancy, Montpellier, Toulouse, Besançon, Perpignan និង Lille៕
សម្រួលអត្ថបទ៖ សុផារិន្ទ


