ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងលោកជំទាវ ចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តសាលព្រឹក្ស បិណ្ឌវេនទី៨ នៅវត្តពោធិសេរីអណ្តែត និងចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងស្រុកពាមរក៍

នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ត្រូវនឹងថ្ងៃទី៣ និងទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧

នៅវត្តសាលព្រឹក កាន់បិណ្ឌវេនទី៨នៅវត្តពោធិសេរីអណ្តែត ហៅវត្តព្រែកចាម និងចុះពិនិត្យស្ថានភាពទឹកជំនន់ នៅស្រុកពាមរក៍ ខេត្តព្រៃវែង។

ក្នុងពិធីបុណ្យដ៏ប្រពៃនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ បានរួមគ្នាប្រតិបត្តិព្រះធម៌ សូត្រមន្តនមស្ការ ចម្រើនព្រះបរិត្ត រាប់បាត្រ និងប្រគេនភត្តាហារចំពោះព្រះសង្ឃ ព្រមទាំងធ្វើពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សណ្ដាន និងវីរយុទ្ធជន បុព្វបុរសស្នេហាជាតិដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ និងបូរណភាពទឹកដី។

នាឱកាសនោះដែរ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយកនូវទេយ្យទាន និងបច្ច័យប្រគេនវត្ត និងព្រះសង្ឃ រួមមាន៖

បច្ច័យកសាងវត្ត បច្ច័យប្រគេនព្រះចៅអធិការវត្ត បច្ច័យប្រគេនព្រះសង្ឃ គ្រឿងឧបភោគបរិភោគ ទេយ្យវត្ថុ និងសាដក។

ជាមួយគ្នានេះ ឯកឧត្តម និងលោកជំទាវ ក៏បានជូនថវិកាលើកទឹកចិត្តដល់លោកតាជី លោកយាយជីមួយចំនួនផងដែរ។

បន្ទាប់ពីបានបញ្ចប់កម្មវិធីសាសនា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ផ្ទាល់នៅក្នុងឃុំពាមមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តមបានណែនាំដល់អាជ្ញាធរឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រៀមរៀបចំទីទួលសុវត្ថិភាព ឱ្យបានរួចរាល់ជាស្រេច ដើម្បីជម្លៀសប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ក្នុងករណីមានការលិចលង់ផ្ទះសម្បែងដោយសារទឹកជំនន់៕