ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសោមុនីវ័ន (វត្តត្រពាំងបឹង) ក្នុងស្រុកសំរោង ខេត្តតាកែវ ដោយឧទ្ទិសកុសលជូនបុព្វការីជន និងវីរកងទ័ពពលីជីវិតការពារជាតិ
(តាកែវ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកជំទាវ ឆាយ សាលីន ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសោមុនីវ័ន ហៅវត្តត្រពាំងបឹង ស្ថិតនៅក្នុងភូមិកុកតារៀ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ យ៉ាងឱឡារិក និងប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លាយ៉ាងក្រៃលែងក្នុងព្រះពុទ្ធសាសនា។
វត្តមានអញ្ជើញចូលរួមរបស់ ឯកឧត្តម នាយកមន្ទីរ និងលោកជំទាវ នាពេលនេះ មិនត្រឹមតែជាការបំពេញកុសលជាលក្ខណៈបុគ្គល និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការរួមចំណែកលើកស្ទួយទំនៀមទម្លាប់ប្រពៃណីជាតិ ព្រមទាំងការចូលរួមអភិវឌ្ឍវិស័យពុទ្ធចក្រឱ្យកាន់តែរីកចម្រើនទន្ទឹមនឹងអាណាចក្រ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ បានអញ្ជើញចូលទៅកាន់ព្រះវិហារ ដើម្បីអុជធូប ទៀន ថ្វាយកម្រងផ្កាភ្ញីដ៏ស្រស់បំព្រង និងក្រាបថ្វាយបង្គំបូជាចំពោះព្រះពុទ្ធបដិមា ដែលជាតំណាងនៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងការគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះរតនត្រ័យ គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។
បន្ទាប់ពីកិច្ចនមស្សការព្រះរតនត្រ័យ និងសមាទានសីលរួចមក ឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការី បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងវេរប្រគេនទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ ព្រមទាំងបច្ច័យបួន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តសោមុនីវ័ន ដើម្បីសម្រួលដល់ការផ្គត់ផ្គង់ចង្ហាន់ និងការបំពេញពុទ្ធកិច្ចក្នុងរដូវកាលភ្ជុំបិណ្ឌនេះ។
បន្ទាប់ពីពិធីវេរភត្តាហារ ឯកឧត្តម និងលោកជំទាវ ក៏បានអញ្ជើញរាប់បាត ដែលជាទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ពុទ្ធសាសនិកខ្មែរគ្រប់រូប។ តាមរយៈការធ្វើកុសលកម្មដ៏បរិសុទ្ធនេះ ឯកឧត្តម និងលោកជំទាវ បានបួងសួងឧទ្ទិសនូវមហាកុសលផលបុណ្យទាំងឡាយ ជូនចំពោះវិញ្ញាណក្ខន្ធ ឧបាសិកា ឃឹង ពួយ និងឧបាសិកា ស ធឿង ព្រមទាំងបុព្វការីជន ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។ លើសពីនេះ ទឹកចិត្តសទ្ធាដ៏ថ្លៃថ្លានេះ ក៏ត្រូវបានឧទ្ទិសដោយស្មោះស្ម័គ្រជូនចំពោះវិញ្ញាណក្ខន្ធបុព្វបុរស យុទ្ធជន និងវីរកងទ័ពកម្ពុជាគ្រប់ជំនាន់ ដែលបានពលីជីវិតសាច់ស្រស់ឈាមស្រស់ក្នុងការប្រយុទ្ធការពារបូរណភាពទឹកដី ឯករាជ្យ អធិបតេយ្យភាព និងសន្តិភាពនៃមាតុភូមិកម្ពុជា សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកទាំងអស់ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏ធំ និងយូរអង្វែងរបស់ខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ ។ ពិធីនេះមានអត្ថន័យស្នូលចំនួនពីរយ៉ាងសំខាន់រួមមាន
១.កតញ្ញូកតវេទីធម៌៖ ពិធីនេះជាឱកាសដ៏វិសេសសម្រាប់កូនចៅខ្មែរគ្រប់រូបក្នុងការដឹងគុណ និងតបស្នងសងគុណចំពោះមាតាបិតា ជីដូនជីតា និងញាតិសន្តានដែលបានចែកឋានទៅ។ តាមរយៈការធ្វើបុណ្យ ដាក់បាត និងឧទ្ទិសកុសល ប្រជាពលរដ្ឋជឿជាក់ថា អំពើល្អទាំងនេះនឹងទៅជួយរំដោះទុក្ខទោស និងផ្តល់ក្តីសុខដល់វិញ្ញាណក្ខន្ធអ្នកមានគុណក្នុងភពផ្សេងៗ។ លើសពីនេះ ក៏ជាការដាស់តឿនកូនចៅឱ្យចេះគោរព និងមើលថែទាំឪពុកម្តាយដែលកំពុងរស់នៅក្បែរខ្លួនឱ្យបានល្អផងដែរ។
២.សាមគ្គីភាព និងការចែករំលែកក្នុងសង្គម៖ បុណ្យភ្ជុំបិណ្ឌជាពេលវេលាដ៏កម្រដែលបងប្អូនសាច់ញាតិ ទោះនៅទីជិតឬទីឆ្ងាយ តែងតែវិលត្រឡប់មកជួបជុំគ្នាវិញនៅឯស្រុកកំណើត ទៅវត្តអារាមជាមួយគ្នា និងសួរសុខទុក្ខគ្នាទៅវិញទៅមក។ នេះជាការរឹតចំណងសាមគ្គីភាពគ្រួសារ និងភូមិផងរបងជាមួយឱ្យកាន់តែរឹងមាំ ព្រមទាំងជាការរួមដៃគ្នាទំនុកបម្រុងព្រះសង្ឃក្នុងរដូវវស្សា និងជួយទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍។



