ភ្ញៀវទេសចរជាង ២ពាន់នាក់ មកពី ២៦ប្រទេស ចូលរួមព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គផ្សារភ្ជាប់ទេសចរណ៍រដូវកាលបៃតង «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» នៅខេត្តកំពត

នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពត បានរៀបចំព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង ក្រោមប្រធានបទ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ក្នុងខេត្តកំពត។ ហើយព្រឹត្តិការទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦នេះ ក៏មានការចូលរួមពីបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា រួមមាន ខេត្តកែប ព្រះសីហនុ និងកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ សរុបជាង ២ពាន់នាក់ មកពី ២៦ប្រទេស។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ខេត្តកំពត និងបានគូសបញ្ជាក់ថា គោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍កីឡារត់ប្រណាំងនេះឡើង គឺដើម្បីជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍របស់ខេត្តជាប់តំបន់ឆ្នេរទាំង៤របស់កម្ពុជា ដែលមានខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង ឱ្យពិភពលោកបានស្គាល់ និងចង់មកសម្រាកកម្សាន្ត។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ព្រឹត្តិការណ៍នេះគឺបានផ្សារភ្ជាប់ទៅនឹង «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦» ដែលមានសកម្មភាពទាក់ទាញជាច្រើនដូចជា ការប្រកួតស្នាដៃចម្អិនម្ហូបអាហារ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។

ឯឧត្តមរដ្ឋមន្ត្រីបានលើកឡើងដែរថា កម្ពុជា ក្រោមម្លប់សន្តិភាពដែលយកមកដោយការលះបង់គ្រប់បែបយ៉ាងរបស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានធ្វើឱ្យកម្ពុជាមាន សុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ។ ហើយបច្ចុប្បន្ន ក្រោមការដឹកនាំបន្តពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក៏នៅតែបន្តរក្សាសុខសន្តិភាពជូនជាតិ ជូនប្រជាជន និងបន្តអភិវឌ្ឍន៍ប្រទេស ពិសេសវិស័យទេសចរណ៍ឱ្យកាន់តែមានភាពរីកចម្រើន ដែលជាកត្តាធ្វើឱ្យកំណើនភ្ញៀវទេសចរអន្តរជាតិមកលេងកម្សាន្តក្នុងប្រទេសទទួលបានភាពកក់ក្តៅ និងជួយផ្សព្វផ្សាយបន្តពីកម្ពុជាទៅកាន់ពិភពលោក។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំប្រកបដោយភាពច្នៃប្រឌិតរបស់ ឯកឧត្តម ម៉ៅ ធនិន ដែលបានខិតខំអភិវឌ្ឍវិស័យទេសចរណ៍ និងផលិតផលទេសចរណ៍ ថ្មីៗ ប្លែកៗ មានភាពទាក់ទាញ ដែលជាកត្តាជំរុញឱ្យភ្ញៀវទេសចរសម្រុកមកកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើនឡើងៗ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការជំរុញឱ្យប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាទាំងអស់ចូលរួមផ្សព្វផ្សាយទេសចរណ៍ឱ្យបានច្រើន តាមរទិសស្លោក ប្រជាពលរដ្ឋម្នាក់ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍ម្នាក់ ដើម្បីឱ្យពិភាពលោកស្គាល់កម្ពុជាកាន់តែច្បាស់។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្ហាញនូវភាពរីករាយចំពោះការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះឡើង ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលខេត្តកំពត ជាពិសេសបណ្តាខេត្តជាប់តំបន់ឆ្នេរទាំង៤ ទៅកាន់ឆាកអន្តរជាតិ ហើយការបង្កើតព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គលើភ្នំបូកគោនេះឡើង គឺជាការបង្ហាញពីអាកាសធាតុបរិសុទ្ធលើខ្នងភ្នំបូកគោជូនភ្ញៀវទេសចរជាតិ អន្តរជាតិ នូវបទពិសោធន៍ថ្មី ស្រស់ស្រាយផ្លូវចិត្ត និងទទួលបានសុខភាពល្អមាំមួន ដែលទទួលបានពីអាកាសធាតុបរិសុទ្ធលើខ្នងភ្នំបូកគោ។ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងទេសចរណ៍ ដែលបានជ្រើសរើសយកទឹកដីខេត្តកំពតជាទីតាំងរៀបចំព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ ហើយឯកឧត្តមសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ ភាពទាក់ទាញនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ពិសេសខេត្តកំពត នឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយនៅលើផែនទីទេសចរណ៍ពិភពលោក៕

 

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត