ដើម្បីអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន ៥ តុលា ក្រសួងបានរៀបចំព្រឹត្តិការណ៍អមចំនួន៣យ៉ាងអធិកអធម ដែលរួមមាន៖ ពិធីសម្ពោធបង្ហាញរូបសំណាកកវីបណ្ឌិតសម័យអង្គរ, វគ្គផ្តាច់ព្រ័ត្រនៃការបង្ហាញ «ការសិក្សាដោយគម្រោងបង្កើតគំរូនៃដំណោះស្រាយ» (PBL for Prototype Development) និងពិព័រណ៍បើកចំហរនៃស្នាដៃគំនូរកុមារ (Kids Painting Open Gallery)។
ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ព្រឹត្តិការណ៍អមចំនួន៣ទន្ទឹមគ្នាដែលរួមមាន៖ ទី១. ពិធីសម្ពោធបង្ហាញរូបសំណាកកវីបណ្ឌិត ទី២. វគ្គផ្តាច់ព្រ័ត្រនៃការបង្ហាញ «ការសិក្សាដោយគម្រោងបង្កើតគំរូនៃដំណោះស្រាយ» PBL for Prototype Development និង ទី៣. ពិព័រណ៍បើកចំហរនៃស្នាដៃគំនូរកុមារ (Kids Painting Open Gallery)។
ឯកឧត្តមបណ្ឌិត បានបន្តថា ចំពោះព្រឹត្តិការណ៍ទី១ គឺការសម្ពោធបង្ហាញរូបសំណាកកវីបណ្ឌិតសម័យអង្គរ។ ថ្ងៃនេះ យើងមានមោទនភាពយ៉ាងក្រៃលែងក្នុងការសម្ពោធបង្ហាញរូបសំណាកអ្នកប្រាជ្ញ និងជាកវីបណ្ឌិតកំពូលរបស់ខ្មែរចំនួន២រូបដែលតំណាងឱ្យភាពរុងរឿងនៃប្រពៃណីបញ្ញាញាណខ្មែរនាសម័យបុរាណ។
ព្រឹត្តិការណ៍ទី២ គឺវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីសិក្សាផ្អែកលើគម្រោង (Project-Based Learning – PBL)។ អ្វីដែលជាទីមោទនភាព និងជាចំណុចរបត់ដ៏សំខាន់នៃកម្មវិធីនេះ គឺដំណើរការនៃការបង្កើតគម្រោងនីមួយៗ ទទួលបាននូវការចូលរួមគាំទ្រ និងការតម្រង់ទិសយ៉ាងសកម្មពីសំណាក់ «គ្រូបង្វឹក»(Mentors) ដែលសុទ្ធសឹងតែជាអ្នកជំនាញអញ្ជើញមកពីវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល (NGOs) និងសាកលវិទ្យាល័យនានា។
ព្រឹត្តិការណ៍ទី៣ គឺពិព័រណ៍គំនូរកុមារអបអរសាទរទិវាគ្រូបង្រៀន។ អ្វីដែលជាការភ្ញាក់ផ្អើលនិងក្តីរំភើបនោះគឺ ត្រឹមតែរយៈពេលខ្លីនៃការប្រកាស យើងទទួលបានការគាំទ្រយ៉ាងផុសផុលបំផុត ដោយប្រមូលបានស្នាដៃគំនូរសរុបជាង៤០០០ផ្ទាំង ពីសិស្សានុសិស្សទាំងរដ្ឋ និងឯកជន ដោយផ្តោតលើប្រធានបទធំៗចំនួន៣ គឺ៖
១. គ្រូធ្វើឱ្យខ្ញុំស្រឡាញ់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
២. គ្រូមានវិធីសាស្ត្រធ្វើឱ្យខ្ញុំចង់រៀនសូត្រ
និង៣. គ្រូបង្រៀនខ្ញុំឱ្យស្រឡាញ់មាតុភូមិ និងពិភពលោក។ គំនូរទាំងនេះ គឺជាសារដ៏មានអត្ថន័យ និងជាការលើកទឹកចិត្តដ៏ធំធេងបំផុតសម្រាប់លោកគ្រូ អ្នកគ្រូទូទាំងប្រទេសកម្ពុជា។
ជារួមព្រឹត្តិការណ៍ទាំងបីនេះ ត្រូវបានរៀបចំឡើងយ៉ាងប្រទាក់ក្រឡាគ្នា ដើម្បីជាតឹកតាងដ៏រស់រវើកនៃការចូលរួមចំណែកលើកកម្ពស់គុណតម្លៃនៃការអប់រំ បណ្តុះស្មារតីចងចាំប្រវត្តិសាស្ត្រ និងបន្តប្រពៃណីនៃការដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលជាសសរស្តម្ភពិតប្រាកដនៃសាលារៀនរឹងមាំ៕



