ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាឆ្នាំនេះ រកឃើញបេក្ខជនជ័យលាភីទទួលមេដាយមាស ប្រាក់ និងសំរឹទ្ធិចំនួន ៣១ មេដាយដែលនឹងត្រូវជ្រើសរើសតំណាងកម្ពុជាទៅចូលរួមប្រកួតនៅក្រៅប្រទេសបន្តទៀត

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការប្រកួតប្រជែងជំនាញ ជាការបញ្ចេញទេពកោសល្យ និងបង្កើតឱកាសជោគជ័យ!” នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ គណៈកម្មការរៀបចំ គណៈវិនិច្ឆ័យ ជំនាញការ លោកគ្រូអ្នកគ្រូ និងសិស្សនិស្សិតប្រមាណ ៥០០នាក់។ ការប្រកួតនេះបានរកឃើញបេក្ខជនជ័យលាភីឆ្នើមទទួលមេដាយមាសចំនួន ៨ មេដាយ, មេដាយប្រាក់ ៩ មេដាយ និងមេដាយសំរឹទ្ធិ ១៤ មេដាយ។

ថ្លែងទៅកាន់អង្គពិធី លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គណៈកម្មការរៀបចំ និងភាគីពាក់ព័ន្ធ ដែលបានខិតខំដឹកនាំ សម្របសម្រួល និងរៀបចំព្រឹត្តិការណ៍នេះយ៉ាងសកម្មរយៈពេល ៥ថ្ងៃកន្លងមក រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ លោកជំទាវបានអបអរសាទរចំពោះក្មួយៗទទួលជ័យលាភីពីកម្មវិធី ដែលពិតជាបង្ហាញទេពកោសល្យ សមត្ថភាព និងភាពច្នៃប្រឌិតលេចធ្លោ ស័ក្តិសមជាជ័យលាភីតំណាងឱ្យភាពប៉ិនប្រសប់ផ្នែកបច្ចេកទេសនិងវិជ្ជាជីវៈ ព្រមទាំងចាត់ទុកការប្រកួតប្រជែងនេះ ជា “បទពិសោធដ៏មានតម្លៃ ទុនសម្រាប់អភិវឌ្ឍខ្លួន និង ភាពជោគជ័យរួចជាស្រេច”។

ជាមួយគ្នានេះ លោកជំទាវមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែងផ្តល់អាទិភាពខ្ពស់លើ “ធនធានមនុស្ស” ក្នុងការអភិវឌ្ឍប្រទេស ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដែលមានចីរភាព និងបរិយាបន្ន ដែលមិនអាចខ្វះបានឡើយនូវកម្លាំងពលកម្មដែលមានគុណវុឌ្ឍិខ្ពស់ប្រកបដោយជំនាញរឹង (Hard Skills) ជំនាញទន់ (Soft Skills) និងក្រមសីលធម៌វិជ្ជាជីវៈ។ ជ័យលាភីនាថ្ងៃនេះ នឹងក្លាយជាមូលធនមនុស្សដ៏សំខាន់ ក្នុងការជួយផ្លាស់ប្តូរកម្លាំងពលកម្មកម្ពុជា ឱ្យទៅជាកម្លាំងពលកម្មជំនាញខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល។

លោកជំទាវបានគូសបញ្ជាក់ថា ជ័យជំនះនាថ្ងៃនេះ គឺជាការបើកឱកាសឱ្យក្មួយៗឈានទៅវាស់ស្ទង់សមត្ថភាពនៅលើឆាកអន្តរជាតិ។ ហេតុនេះ ដើម្បីត្រៀមខ្លួនឱ្យបានល្អប្រសើរបំផុត លោកជំទាវបានរផ្តាំផ្ញើបេក្ខជនឱ្យបន្តហ្វឹកហាត់ដោយឥតឈប់ឈរ ប្រកាន់ខ្ជាប់នូវស្មារតីតំណាងជាតិ ស្តាប់ការណែនាំរបស់អ្នកជំនាញ និងសិក្សាពីស្តង់ដាអន្តរជាតិជាដើម។ លោកជំទាវក៏បានលើកទឹកចិត្ដដល់គ្រឹះស្ថានសិក្សា វិស័យឯកជន និងអង្គការពាក់ព័ន្ធ បន្តគាំទ្រកម្មវិធីនេះ ក៏ដូចជាដល់ការហ្វឹកហាត់បំប៉នសមត្ថភាពបេក្ខជនជ័យលាភីឱ្យមានភាពស្ទាត់ជំនាញខ្ពស់ មុននឹងចេញទៅប្រកួតលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា កម្មវិធីនេះមានបេក្ខជនចូលរួមប្រកួតប្រជែងចំនួន ១១២នាក់ (នារី ២៩ រូប) មកពីគ្រឹះស្ថានចំនួន ២០ លើមុខជំនាញ ១២។ បេក្ខជនជ័យលាភីដែលទទួលបានមេដាយមាសទទួលបានប្រាក់រង្វាន់ចំនួនបីលានរៀល មេដាយប្រាក់ទទួលបានចំនួនពីរលានរៀល និងមេដាយសំរឹទ្ធិចំនួនមួយលានរៀល ហើយនឹងត្រូវជ្រើសរើសជាតំណាងកម្ពុជាទៅចូលរួមប្រកួតប្រជែងជំនាញក្នុងកម្រិតតំបន់អាស៊ាន អន្តរជាតិ និងពិភពលោកផងដែរ៕