សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជប្រទានព្រះរាជអំណោយដល់ គណៈគ្រប់គ្រង មន្ត្រីរាជការ បុគ្គលិក មន្ត្រីប៉ុស្តិ៍សុខភាព និងនិស្សិតស្នាក់នៅអន្តេវាសិកដ្ឋានសន្តិភាពក្នុងឱកាស «ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ» ចំនួន៣០០នាក់

(ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី នាថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ បានសព្វព្រះរាជហឫទ័យប្រោសប្រទានអំណោយ ដល់គណៈគ្រប់គ្រង មន្ត្រីរាជការ បុគ្គលិក មន្ត្រីប៉ុស្តិ៍សុខភាព និងនិស្សិតស្នាក់នៅអន្តេវាសិកដ្ឋានសន្តិភាព ក្នុងឱកាស «ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ» ក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសក់ ខណ្ខចំការមន រាជធានីភ្នំពេញ សរុបចំនួន ៣០០នាក់។

ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានមានប្រសាសន៍ថា ពុទ្ធិកសាកលវិទ្យាល័យបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៤ ដោយមានត្រឹមតែអគារមួយខ្នងប៉ុណ្ណោះ។ ឯកឧត្តម បានលើកឡើងថា ថ្វីត្បិតតែជាធម្មតា ដំណើរនៃការបំពេញការងារតែងតែជួបការឧបសគ្គ ប៉ុន្តែតាមរយៈការខិតខំប្រឹងប្រែងរួមគ្នា នឹងទទួលការយកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ពិសេសយោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ពុទ្ធិកសាកលវិទ្យាល័យបានពង្រីកខ្លួនយ៉ាងឆាប់រហ័ស រហូត ដល់មានអគារសិក្សា និងអគារអន្តេវាសិកដ្ឋានជាច្រើនខ្នងដូចជា៖ (អគ្គារព្រះករុណា ព្រមហាក្សត្រី សីហមុនី (កំពស់២ជាន់), អគារសិក្សានៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា (កំពស់៩ជាន់), អគារអន្តេវាសិកដ្ឋាន តេជោសន្តិភាព (កំពស់៥ជាន់), ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី និងអគារអន្តេវាសិកដ្ឋានសម្តេចតេជោសន្តិភាព (កំពស់៧ជាន់ ដែលកំពុងសាងសង) ។

នាឱកាសដ៏វិសេសវិសាលនេះ សម្តេចជាអម្ចាស់ បានមានព្រះរាជបន្ទូល កោតសរសើរដល់គណៈគ្រប់គ្រង មន្ត្រីរាជការ បុគ្គលិក មន្ត្រីប៉ុស្តិ៍សុខភាព ដែលបានខិតខំបំពេញភារកិច្ចអស់ពីកំលាំងកាយ ចិត្ត ប្រាជ្ញាស្មារតី បណ្តុះបណ្តាធនធានមនុស្ស ព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ តាមរយៈ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី។

សម្តេចជាអម្ចាស់ ព្រះពុទ្ធសាសនា បានផ្តល់ពុទ្ធឱវាទថា សង្គមមួយមិនអាចចាត់ទុកជាសង្គមដែលមានភាពពេញលេញបានឡើយ ប្រសិនបើគ្មានការជួយជ្រោមជ្រែង និងចែករំលែកដល់អ្នកដែលទន់ខ្សោយ ឬខ្វះខាតនោះទេ។ ការជួយគ្នាទៅវិញទៅមកគឺជាកម្លាំងជួយទ្រទ្រង់ជីវិត។ ក្រៅពីការធ្វើបុណ្យឧទ្ទិសកុសល ពិធីនេះក៏ជាការធ្វើ “សង្គហទាន“ គឺជាការចែករំលែក និងជួយសង្គ្រោះដល់អ្នកដែលមានការខ្វះខាត។

ដោយឡែក ព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានចែកជូនដល់ជាគណៈគ្រប់គ្រង ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិក មន្ត្រីប៉ុស្តិ៍សុខភាព និងនិស្សិតស្នាក់នៅអន្តេវាសិកដ្ឋាន មានចំនួនសរុប ៣០០នាក់ នាឱកាសនេអរួមមាន ៖
-គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក មន្ត្រីប៉ុស្តិ៍សុខភាព ទទួលបានអង្ករ ៥០ គីឡូក្រាម មីមួយកេសនិងថវិកា ៤មុឺនរៀល។
-និស្សិតស្នាក់នៅអន្តេវាសិកដ្ឋានសន្តិភាពទទួលបានអង្ករ ២៥ គីឡូក្រាម មីមួយកេស និងថវិកា ៤មុឺនរៀល។
-ដោយឡែកនិស្សិតមានពិការភាពទទួលបាន អង្ករ ២៥ គីឡូក្រាម មីមួយកេស និងថវិកា ៤មុឺនរៀល និងការយកចិត្តទុកដាក់ពិសេសបន្ថែមទៀត ដោយមានការឧបត្ថម្ភថវិកាប្រចាំថ្ងៃផ្ទាល់ខ្លួន។

នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនៃយើងនាឆ្នាំនេះសម្តេចជាអម្ចាស់ សព្វព្រះរាជហឬទ័យ ប្រោស ព្រះរាជទានពរជ័យមង្គលជូនគណៈគ្រប់គ្រង មន្ត្រីរាជការ បុគ្គលិក មន្ត្រីប៉ុស្តិ៍សុខភាព និងនិស្សិតស្នាក់នៅអន្តេវាសិកដ្ឋាន សូមសម្រេច ទទួលបាន ជោគជ័យ ថ្មីៗ ថែមទៀតនិងបានប្រកបនូវព្រះពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕