ក្រសួងការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៧ ការពារព្រំដែនទិសព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយវីរកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៧ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ខេត្តព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីពង្រឹង «សម្ព័ន្ធមេត្រីភាព» រវាង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងនាំយកអំណោយសប្បុរសធម៌សម្រាប់តម្រូវការប្រចាំថ្ងៃប្រគល់ជូនបងប្អូនកងទ័ព។ សកម្មភាពនេះជាការបន្តប្រពៃណីដែលថ្នាក់ដឹកនាំក្រសួងបានអនុវត្តជាប្រចាំចាប់តាំងពីឆ្នាំ២០១៨ ដើម្បីតភ្ជាប់ និងពង្រឹង “សមរភូមិក្រោយ” ជាមួយនឹង “សមរភូមិមុខ” ព្រមទាំងបង្ហាញការយកចិត្តទុកដាក់ចំពោះកងទ័ពដែលកំពុងបំពេញភារកិច្ចនៅតំបន់ព្រំដែន។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ  បានពាំនាំក្តីនឹករឭក ការសួរសុខទុក្ខ និងការកោតសរសើរពីថ្នាក់ដឹកនាំ ជូនចំពោះមេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៧ ព្រមទាំងសម្តែងការដឹងគុណចំពោះភាពអង់អាចក្លាហាន ការលះបង់សាច់ស្រស់ ឈាមស្រស់ និងពលីកម្មរបស់វីរកងទ័ព ក្នុងការបំពេញភារកិច្ចការពារទឹកដីកន្លងមក។ ក្នុងនោះ ឯកឧត្តមបានរំឭកដល់វីរកងទ័ពដែលបានពលីជីវិតលើសមរភូមិ និងបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ពទាំងអស់បានទៅកាន់សុគតិភព។  

ឯកឧត្តមបានគូសបញ្ជាក់ថា ការយកទ្រូង និងយកជីវិត ព្រមទាំងការលះបង់របស់វីរកងទ័ព មិនត្រឹមតែជាការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងការការពារអត្តសញ្ញាណ វប្បធម៌ ព្រះមហាក្សត្រ សេចក្តីថ្លៃថ្នូរ កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ជាតិសាសន៍កម្ពុជាទាំងមូល។ ឯកឧត្តមបានសង្កត់ធ្ងន់ថា “សមរភូមិក្រោយ” នឹងបន្តចូលរួមជួយគាំទ្រវីរកងទ័ពតាមជំនាញ និងលទ្ធភាពដែលអាចធ្វើបាន ខណៈគណៈប្រតិភូក្រសួងនៅពេលនេះ ក៏តំណាងឱ្យកម្មករនិយោជិត ព្រមទាំងនិយោជក សហគ្រាស ក្រុមហ៊ុន រោងចក្រ និងអង្គការវិជ្ជាជីវៈទូទាំងប្រទេស។ 

ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងពីការយកចិត្តទុកដាក់ និងការបួងសួងរបស់ប្រជាពលរដ្ឋចំពោះវីរកងទ័ពជួរមុខ ឱ្យទទួលបានសុវត្ថិភាព និងជោគជ័យក្នុងការបំពេញភារកិច្ច។ ឯកឧត្តមក៏បានលើកឡើងពីជំហររបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងការពារជីវិតប្រជាជន និងសន្តិភាព ដោយផ្តោតលើការប្រើប្រាស់ការទូត ច្បាប់អន្តរជាតិ និងការចរចា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។  

បន្ថែមពីនេះ ឯកឧត្តមបានបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះជីវភាព និងអនាគតរបស់វីរយុទ្ធជន និងក្រុមគ្រួសារ តាមរយៈការផ្តល់មុខរបរ ការគាំទ្រសមាជិកគ្រួសារ អាហារូបករណ៍សម្រាប់កូនៗ ការរៀបចំឥណទាន និងការដោះស្រាយបំណុល ព្រមទាំងការគាំទ្រដល់គ្រួសារយោធិនរងរបួស និងពលី។ ឯកឧត្តមបានសង្កត់ធ្ងន់ថា រាល់តំណក់ឈាម កម្លាំងកាយចិត្ត និងការលះបង់គ្រប់បែបយ៉ាងរបស់វីរកងទ័ព គឺជាសក្ខីភាពនៃសេចក្តីស្រឡាញ់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយជាការលះបង់ដែលត្រូវបានចងចាំក្នុងប្រវត្តិសាស្ត្រ។ 

ទន្ទឹមនេះ តំណាងក្រសួងការងារ​បាននាំយកអំណោយសប្បុរសធម៌ជូនកងពលតូចអន្តរាគមន៍លេខ៧ រួមមាន ថវិកា ថ្នាំពេទ្យ ថ្នាំសង្កូវ ប្រេងកូឡា ធូបមូស ស័ង្កសី សូឡា អាគុយ ស្បែកជើង​ អង្រឹង ភេសជ្ជៈ ឆ័ត្រ មីកញ្ចប់​ ទឹកត្រី ទឹកស៊ីអ៉ីវ​ ប្រេងឆា​ ប្រេងខ្យង​​ ឆៃប៉ូវ​ អំបិល ​ស្ករស​​​ ប៊ីចឹង​ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគផ្សេងៗ សម្រាប់ជួយសម្រួលដល់តម្រូវការប្រចាំថ្ងៃរបស់បងប្អូនវីរកងទ័ព។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ តំណាងក្រសួងក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការលះបង់របស់យុទ្ធជន យុទ្ធនារី ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងទឹកដី ព្រមទាំងសូមបួងសួងជូនវីរកងទ័ព កងពលតូចអន្តរាគមន៍លេខ៧ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យទទួលបានសុខសុវត្ថិភាព ជោគជ័យ និងសេចក្តីសុខគ្រប់ពេលវេលា៕