ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញដឹកនាំរៀបចំកម្មវិធីវេចនំអន្សម លើកកម្ពស់ការថែរក្សាប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរ
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេចនំអន្សម ដែលរៀបចំឡើងនៅវត្តត្រឡែងកែង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
កម្មវិធីនេះសហការរៀបចំដោយ នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយក្រុមការងារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋបាលស្រុកកំពង់ត្រឡាច ស.ស.យ.ក. ស្រុកកំពង់ត្រឡាច រដ្ឋបាលឃុំលង្វែក គណៈកម្មការវត្តត្រឡែងកែង សិស្សានុសិស្ស និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូប។
កម្មវិធីវេចនំអន្សមនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសដល់យុវជនបានសិក្សា ស្វែងយល់ និងអនុវត្តដោយផ្ទាល់នូវការវេចនំអន្សមតាមប្រពៃណីដូនតា ក្នុងគោលបំណងលើកកម្ពស់ស្មារតីស្រឡាញ់អត្តសញ្ញាណជាតិ និងបណ្តុះស្មារតីយុវជនឱ្យចូលរួមថែរក្សា អភិរក្ស និងបន្តផ្សព្វផ្សាយវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរទៅកាន់ជំនាន់ក្រោយ ព្រមទាំងរួមចំណែកពង្រឹងសាមគ្គីភាព និងការរួបរួមក្នុងសហគមន៍។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកឡើងពីស្ថានភាពនៃការអនុវត្តប្រពៃណីវេចនំអន្សមនៅតាមគ្រួសារ ដែលបច្ចុប្បន្នមានការថយចុះ ដោយសារប្រជាពលរដ្ឋមួយចំនួនងាកមកទិញនំដែលបានវេចរួចជាស្រេច។ ស្ថានភាពនេះអាចបណ្តាលឱ្យចំណេះដឹង និងជំនាញក្នុងការវេចនំអន្សម ដែលជាប្រពៃណីបានបន្សល់ទុកពីដូនតា មានការថយចុះ និងប្រឈមនឹងការមិនបានបន្តទៅកាន់កូនចៅជំនាន់ក្រោយ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ការរៀបចំកម្មវិធីវេចនំអន្សម គឺជាវិធីសាស្ត្រមួយក្នុងការដាស់ស្មារតី បង្កើនការយល់ដឹង និងផ្តល់ឱកាសដល់យុវជនបានសិក្សា និងអនុវត្តដោយផ្ទាល់ ដើម្បីចូលរួមថែរក្សា អភិរក្ស និងបន្តប្រពៃណីដ៏ល្អផូរផង់នេះឱ្យបានគង់វង្សពីជំនាន់មួយទៅជំនាន់មួយ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក វន ស៊ីផា អភិបាលស្រុក លោក ឆែម រីណា ប្រធានស្ដីទីសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក តំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរភូមិ ដែលបានចូលរួមសហការ គាំទ្រ និងសម្របសម្រួលយ៉ាងសកម្ម ដើម្បីធានាឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ៕



