រដ្ឋមន្ត្រីសុខាភិបាល៖ «ការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ពិតជាកម្លាំងចលករ (Momentum) ដ៏សំខាន់ក្នុងការចូលរួមថែរក្សាភាពរឹងមាំ (Strength) និងភាពធន់ (Resilience) នៃប្រព័ន្ធសុខាភិបាលកម្ពុជា។»

ខេត្តបាត់ដំបង៖  ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះ កាលពីព្រឹកទី៣ ខែតុលា នៅក្នុងពេលដែលឯកឧត្តម និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីបច្ចេកទេស បានចុះពិនិត្យ វឌ្ឍនភាពស្ថានភាព និងការដាក់ឱ្យដំណើរការបម្រើសេវាសុខាភិបាលឡើងវិញ នៅមណ្ឌលសុខភាពព្រែកហ្លួង ខេត្តបាត់ដំបង បន្ទាប់ពីរងផលប៉ះពាល់ ដោយសារទឹកជំនន់។

ក្នុងការចុះពិនិត្យនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវអំណរគុណ សេចក្តីស្រលាញ់ ដល់មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ភាគីសប្បុរសជនដៃគូរពាក់ព័ន្ធ ដែលបានខិតខំបំពេញភារកិច្ច ក្នុងការបម្រើ និងគាំទ្រសេវាសុខាភិបាល ដោយមិនសំចៃ ដោយសហការរួមគ្នា ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការធានាឱ្យប្រជាពលរដ្ឋ ទទួលបានសេវាសុខាភិបាល ទាន់ពេលវេលា ទោះស្ថិតក្នុងស្ថានភាពលំបាក ដោយគ្រោះធម្មជាតិយ៉ាងណាក៏ដោយ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានណែនាំឱ្យបន្តយកចិត្តទុកដាក់ និងកាន់តែត្រូវប្រយត្ន័ប្រយែងខ្ពស់ ជាបឋមលើសុវត្ថិភាពក្រុមការងារផ្ទាល់ យកចិត្តទុកដាក់លើការរៀបចំឱសថ​ សម្ភារបរិក្ខារពេទ្យ សម្អាតបរិវេនអគារ បន្ទាប់ពីទឹកបានស្រក​ និងឆាប់បើកទទួលការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ។
បន្ថែមពីនេះ ត្រូវបង្កើនកិច្ចសហការជាមួយអជ្ញាធរ ដោយដាក់ការប្រុងប្រយ័ត្នក្នុងតាមដានស្ថានភាពទឹកជំនន់ គ្រប់ពេលវេលា ឆ្លុះបញ្ចាំងជាមួយការរក្សាបាននូវសុវត្ថិភាពជាចម្បង សំរាប់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដែលជួបជំនន់នេះ។