ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជំរុញឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅបរទេស បំពេញតួនាទីជា «ទូតមិត្តភាព» និងជាកម្លាំងចលករក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំលឹក និងណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេសត្រូវបំពេញតួនាទីជា «ទូតមិត្តភាព» ដ៏សកម្ម ដើម្បីលើកកម្ពស់កិត្យានុភាពជាតិរឹតចំណងសាមគ្គីភាពអន្តរជាតិ និងប្រមូលផ្តុំចំណេះដឹងមកចូលរួមកសាងអនាគតប្រទេសជាតិ។
ការថ្លែងនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សហភាពអឺរ៉ុប សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋរ៉ូម៉ានី សរុបចំនួន ១៥ រូប សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភាជាច្រើនរូប។
ក្នុងជំនួបនោះ តំណាងសហព័ន្ធនិស្សិតកម្ពុជានៅបរទេស និងក្រុមនិស្សិតជ័យលាភី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរដ្ឋសភា ដែលបានផ្តល់ឱកាសចូលជួបសម្តែងការគួរសម និងក្រេបជញ្ជក់នូវពុទ្ធិឱវាទដ៏មានតម្លៃ ដែលជាប្រភពថាមពល និងកម្លាំងចិត្តដ៏រឹងមាំជំរុញឱ្យពួកគេប្តេជ្ញាខិតខំរៀនសូត្រឱ្យអស់ពីសមត្ថភាព ដើម្បីនាំយកចំណេះដឹងមកបម្រើជាតិមាតុភូមិ។
ថ្លែងទៅកាន់ក្រុមនិស្សិត ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះការតស៊ូព្យាយាមរហូតទទួលបានជោគជ័យក្នុងការប្រឡងជ្រើសរើសយ៉ាងសម្រិតសម្រាំង។ ទន្ទឹមនឹងការថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសជាមិត្តទាំងបួន ដែលបានបន្តផ្តល់អាហារូបករណ៍លើមុខជំនាញគន្លឹះ រួមមាន វេជ្ជសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច កសិកម្ម និងបច្ចេកវិទ្យាព័ត៌មាន ថ្នាក់ដឹកនាំរដ្ឋសភាបានចាត់ទុកកាយវិការនេះថាជាកាតាលីករយ៉ាងសំខាន់ក្នុងការកសាងមូលធនមនុស្ស និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។
បន្ថែមលើនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានគូសរំលេចពីសមិទ្ធផលការទូតសភា និងព្រឹត្តិការណ៍អន្តរជាតិធំៗរបស់កម្ពុជាក្នុងឆ្នាំ២០២៦ ដូចជាជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២ កាលពីចុងខែសីហាកន្លងទៅ, សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ក្នុងខែកញ្ញា និងការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (OIF) លើកទី២០ នាពាក់កណ្តាលខែវិច្ឆិកា ខាងមុខ ដែលនឹងមានការចូលរួមពីប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង ៩០ ប្រទេស រួមទាំងប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ផងដែរ។
ដោយឡែក ចំពោះបញ្ហាអធិបតេយ្យភាពជាតិ ថ្នាក់ដឹកនាំរដ្ឋសភាបានគូសបញ្ជាក់ជាថ្មីពីគោលជំហររឹងមាំរបស់កម្ពុជា ក្នុងការប្រឆាំងដាច់ខាតចំពោះការរំលោភបំពានលើបូរណភាពទឹកដី ដោយប្រកាន់ខ្ជាប់ជានិច្ចនូវយន្តការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមកិច្ចព្រមព្រៀងទ្វេភាគី និងច្បាប់អន្តរជាតិជាធរមាន ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វីរភាពរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់។
ជាចុងក្រោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានផ្តល់នូវអនុសាសន៍គន្លឹះចំនួន ៦ ចំណុច ដោយបានដាស់តឿនដល់និស្សិតជ័យលាភីទាំងអស់ ឱ្យយកចិត្តទុកដាក់ពង្រឹងការសិក្សាស្រាវជ្រាវ ទាំងក្នុងថ្នាក់ និងស្វ័យសិក្សា ដើម្បីប្រមូលយកចំណេះដឹងវិជ្ជាជីវៈកម្រិតខ្ពស់មកអភិវឌ្ឍន៍មាតុភូមិ ព្រមទាំងបំពេញតួនាទីជា «ទូតមិត្តភាព» ជួយរឹតចំណងមិត្តភាព និងផ្សព្វផ្សាយវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរទៅកាន់ឆាកអន្តរជាតិ។
ជាមួយគ្នានេះ និស្សិតត្រូវចេះកសាងបណ្តាញទំនាក់ទំនង សាមគ្គីភាពផ្ទៃក្នុង និងផ្សារភ្ជាប់ជិតស្និទ្ធជាមួយស្ថានតំណាងកម្ពុជានៅបរទេស, ត្រូវចេះថែរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តឱ្យបានរឹងមាំ ឆ្លៀតផ្សព្វផ្សាយពីសក្តានុពលវិជ្ជមាន និងទេសចរណ៍ជាតិ ជាពិសេសតំបន់រមណីយដ្ឋានប្រាសាទអង្គរវត្ត ព្រមទាំងចេះទាញយកផលប្រយោជន៍ពីទស្សនកិច្ចសិក្សា ដើម្បីស្រូបយកបទពិសោធជីវិតថ្មីៗមកអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិផងដែរ៕



