តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ចូលរួមពិធីកាន់បិណ្ឌទី៦ នៅវត្តចំនួន២៤ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល និងឧទ្ទិសកុសលដល់វីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឺកដី

ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំវិហារហ្លួង ឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌទី៦ ប្រកបដោយសទ្ធាជ្រះថ្លា នៅថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២៦ នៅវត្តថ្មអណ្ដែត (ហៅវត្តចំបក់ភ្លោះ) ដែលស្ថិតនៅក្នុងភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល។

ពិធីកាន់បិណ្ឌទី៦នេះ មានការនិមន្តចូលរួមពីព្រះសង្ឃសរុបចំនួន ៤៨អង្គ មកពីវត្តចំនួន ២៤ ក្នុងនោះមានវត្តចំនួន៦ និងព្រះសង្ឃ១២អង្គ និមន្តមកពីឃុំភ្នំបាត, វត្តចំនួន ១០ និងព្រះសង្ឃ ២០អង្គ និមន្តមកពីឃុំផ្សារដែក រីឯឃុំវិហារហ្លួង មានវត្តចំនួន ៨ និងព្រះសង្ឃ ១៦អង្គ។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ លោកបណ្ឌិត កែវ បេងវឌ្ឍន៍ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បានប្រគេននូវទេយ្យទាន និងបច្ច័យជាច្រើនសន្ធឹកសន្ធាប់ដល់ព្រះសង្ឃគ្រប់អង្គ និងសម្រាប់កសាងវត្តអារាម។

នៅក្នុងឱកាសនោះ លោកបណ្ឌិត កែវ បេងវឌ្ឍន៍ និងសហការី អញ្ជើញអុជទៀនធូបបូជាថ្វាយព្រះពុទ្ធបដិមា ក្រាបថ្វាយបង្គំប្រគេនចង្ហាន់ទេយ្យទានផ្សេងៗ និងបច្ច័យបួនចំពោះព្រះគ្រូចៅអធិការវត្ត និងព្រះភិក្ខុសង្ឃ ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះបុព្វការីជន ញាតិកាទាំង៧សណ្ដាន និងវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ។

សម្ភារៈដែលបានប្រគេនរួមមាន ចង្ហាន់ និងស្រាក់ចំនួន ៤៨ស្រាក់ សាដក ៤៨សម្រាប់ ទឹកសុទ្ធ ២កេសក្នុងមួយវត្ត ផ្លែឈើ ៤៨កន្រ្តក។ ក្រៅពីនេះ ក៏មានប្រគេនបច្ច័យព្រះចៅអធិការ ១០០,០០០រៀល ក្នុងមួយអង្គ ព្រះភិក្ខុ ៥០,០០០រៀលក្នុងមួយអង្គ និងបច្ច័យកសាងវត្ត ៥០០,០០០រៀល ក្នុងមួយវត្ត (សរុប ២៤វត្ត)។ លោកតាអាចារ្យវត្តម្នាក់ៗ ក៏ទទួលបានបច្ច័យ ៤០,០០០រៀល និងលោកតា លោកយាយម្នាក់ៗ ទទួលបាន ១០,០០០រៀលផងដែរ។

ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គឺជាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃនៃការដឹងគុណ ការគោរពបុព្វបុរស និងសាមគ្គីភាពក្នុងសង្គម។ ការបន្តគោរពនិងប្រតិបត្តិពិធីបុណ្យប្រពៃណីនេះ គឺជាការចូលរួមថែរក្សា និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ខ្មែរ និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស និងបន្តពីជំនាន់មួយទៅជំនាន់មួយ៕