ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញប្រគល់ផ្ទះជូនគ្រួសារវីរកងទ័ព នៅឃុំលង្វែក និងចូលរួមកាន់បិណ្ឌជាមួយបរិស័ទចំនួន ២វត្ត នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងលោក ឈិន សេងងួន អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយរដ្ឋបាលឃុំលង្វែក នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះជូនគ្រួសារកងទ័ពជួរមុខឈ្មោះ សំ វង អាយុ ៣៥ឆ្នាំ ទាហានជួរមុខឈរជើងនៅប្រាសាទព្រះវិហារ ប្រពន្ធឈ្មោះ សួត គឹមឈ័ន អាយុ ៤៦ឆ្នាំ មុខរបរដុតក្រឡាន។

ដោយសេចក្តីនឹកដល់គុណបំណាច់ដ៏ធំធេងរបស់វីរភាពកងទ័ពជួរមុខ ឯកឧត្តមបណ្ឌិត បានផ្ដួចផ្ដើមសាងសង់ផ្ទះថ្មីទំហំ ៥ x ៦ម៉ែត្រ ជូនគ្រួសារវីរកងទ័ព ដោយបាំងជញ្ជាំង ប្រក់ដំបូលស័ង្កសី និងចាក់សាបបេតុង ដើម្បីធានាបាននូវជម្រកដ៏សមរម្យ និងជួយកាត់បន្ថយការលំបាកក្នុងជីវភាព។

សមិទ្ធផលផ្ទះនេះកើតចេញពីស្មារតីសហការ និងការចូលរួមចំណែកឧបត្ថម្ភពីសំណាក់ ឯកឧត្តម ញ៉ែម វ៉ាលី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំលង្វែក ឯកឧត្តម ហេង ពិទូ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក លោកជំទាវ ញ៉ែម ច័ន្ទលក្ខិណា អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំលង្វែក លោក ប៉ែន ច័ន្ទដារិទ្ធ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច លោក ព្រំ ប៊ុនធឿន អភិបាលរងស្រុកកំពង់ត្រឡាច ព្រមទាំងអាជ្ញាធររដ្ឋបាលភូមិ-ឃុំលង្វែក។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ ជាពិសេសគឺគ្រួសារយុទ្ធជនដែលកំពុងឈរជើងការពារទឹកដី។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្វាមីរបស់លោកស្រី ដែលបានលះបង់ និងចូលរួមក្នុងការការពារទឹកដីជូនជាតិមាតុភូមិយ៉ាងក្លាហាននៅជួរមុខ ព្រមទាំងបានកោតសរសើរចំពោះលោកស្រីជាភរិយា ដែលជាស្ត្រីរឹងមាំ ខិតខំដុតក្រឡានលក់ដើម្បីផ្គត់ផ្គង់ និងទ្រទ្រង់គ្រួសារនៅសមរភូមិក្រោយ។

នៅថ្ងៃដដែលនោះ ឯកឧត្តមបណ្ឌិត បានអញ្ជើញចូលរួមកាន់បិណ្ឌជាមួយពុទ្ធបរិស័ទនៅវត្តទួលព្រះរាម ឃុំសែប និងវត្តសុភីរង្សី ឃុំលង្វែក ស្រុកកំពង់ត្រឡាច។ ដំណើរអញ្ជើញនេះ មិនត្រឹមតែជាការចូលរួមទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ តាមគន្លងប្រពៃណីជាតិខ្មែរក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការស្តែងចេញនូវការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធ តាមរយៈការចុះសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយលោកតាជី លោកយាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងពីរផងដែរ៕