រដ្ឋបាលខេត្តព្រះសីហនុ ទទួលបដិសណ្ឋារកិច្ចប្រតិភូនាវាកងទ័ពជើងទឹកកាណាដា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធលើការសង្គ្រោះបន្ទាន់តាមផ្លូវទឹក
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូនាវាកងទ័ពជើងទឹកកាណាដា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្តព្រះសីហនុ ។ ជំនួបនេះដឹកនាំដោយ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក Christian Desroches ឯកអគ្គរាជទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីមន្ត្រីជំនាញ និងប្រតិភូអមដំណើរជាច្រើនរូប។
ក្នុងជំនួបដំបូងនេះ លោក សាមុត សុធារិទ្ធ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានជម្រាបជូនគណៈប្រតិភូអំពីសក្ដានុពលទូទៅរបស់ខេត្តព្រះសីហនុ ដែលជាខេត្តឆ្នេរសមុទ្រដ៏មានប្រជាប្រិយភាពនៅទិសនិរតីនៃកម្ពុជា។ ខេត្តនេះសម្បូរទៅដោយធនធានធម្មជាតិ រួមមាន ក្រុងចំនួន៣ និងស្រុកចំនួន៣ ព្រមទាំងមានកោះ ព្រៃកោងកាង ភ្នំ ជ្រោះ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាច្រើនកន្លែង។ ជាពិសេស នៅក្នុងឆ្នាំ២០២៦ នេះ ឆ្នេរសមុទ្រខេត្តព្រះសីហនុត្រូវបានចំណាត់ថ្នាក់ជាឆ្នេរស្អាតជាងគេទី៩ លើពិភពលោក។
លោកអភិបាលរងបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ដោយសារខេត្តមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់គ្រប់ជ្រុង ជ្រោយ ទាំងផ្លូវគោក (ផ្លូវល្បឿនលឿន) ផ្លូវទឹក (កំពង់ផែសមុទ្រទឹកជ្រៅ) និងផ្លូវ អាកាស (អាកាសយានដ្ឋានអន្តរជាតិ)។
ក្នុងនាមកាណាដាជាដៃគូពាណិជ្ជកម្មលំដាប់ថ្នាក់ទី៧ របស់កម្ពុជា ភាគីទាំងពីរបានផ្តោតលើទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន ២៖
១. ការផ្លាស់ប្ដូរបទពិសោធ និងការសិក្សារៀនសូត្រ៖ ផ្តោតលើជំនាញសង្គ្រោះបន្ទាន់លើផ្ទៃទឹក និងការឆ្លើយតបចំពោះគ្រោះមហន្តរាយតាមសមុទ្រ ដើម្បីពង្រឹងសមត្ថភាពការពារ និងសន្តិសុខដែនសមុទ្រ។
២. ការពង្រីកទំនាក់ទំនងរវាងទីក្រុង និងទីក្រុង (City-to-City Connections)៖ ដើម្បីបង្កើត និងជំរុញទំនាក់ទំនងផ្ទាល់លើវិស័យទេសចរណ៍ សេដ្ឋកិច្ច ឧស្សាហកម្ម និងពាណិជ្ជកម្ម។
លោក Christian Desroches ឯកអគ្គរាជទូតកាណាដាប្រចាំកម្ពុជា បានសម្តែងនូវក្ដីរីករាយយ៉ាងខ្លាំង ដែលបានដឹកនាំប្រតិភូនាវាកងទ័ពជើងទឹកកាណាដាចូលចតនៅខេត្តព្រះសីហនុ និងបានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំខេត្ត។ លោកបានបញ្ជាក់ថា ការចូលចតរបស់នាវាកងទ័ព ជើងទឹកនាពេលនេះ គឺជាផ្នែកមួយនៃបេសកកម្មការទូត និងសន្តិសុខ ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងកសាងទំនុកចិត្ត និងមិត្តភាពរឹងមាំរវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ លោក សាមុត សុធារិទ្ធ ក៏បានបញ្ជាក់ជូនគណៈប្រតិភូ និងភ្ញៀវអន្តរជាតិថា ខេត្តព្រះសីហនុ គឺជាគោលដៅទេសចរណ៍ និងវិនិយោគដ៏មានសុវត្ថិភាពបំផុត សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្ត និងបណ្តាក់ទុន ដោយមិនដូចព័ត៌មានមិនពិតមួយចំនួនដែលបានបំភ្លៃឡើយ។

អត្ថបទ៖ ស្រីមុំ


