ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការ វេទិកាវិស័យដឹកជញ្ជូនប្រកបដោយចីរភាពសកល ឆ្នាំ២០២៦ (Global Sustainable Transport Forum 2026)
រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម លីវ វ៉េយ (LIU Wei ) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន និងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម វេទិកាវិស័យដឹកជញ្ជូនប្រកបដោយចីរភាពសកល ឆ្នាំ២០២៦ (Global Sustainable Transport Forum 2026) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនសកល ដែលពិធីបើកជាផ្លូវការត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន (Vice Chairman of the Standing Committee of the National People’s Congress P.R.C.) និងមានការចូលរួមពី ឯកឧត្តម លីវ វ៉េយ (LIU Wei ) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីមកពីប្រទេសចំនួន ២៨ តំណាងសា្ថប័នអន្តរជាតិ និងវិស័យឯកជនចំនួនជាច្រើនរូប។
វេទិកាវិស័យដឹកជញ្ជូនប្រកបដោយចីរភាពសកល ឆ្នាំ២០២៦ នេះ ផ្តោតលើប្រធានបទ “ការដឹកជញ្ជូនប្រកបដោយចីរភាព៖ ការដឹកជញ្ជូនអ្នកដំណើរកាន់តែងាយស្រួល និងរំហូរដឹកជញ្ជូនទំនិញកាន់តែរលូន” ដោយមានគោលបំណងពង្រឹងការតភ្ជាប់សកល ជំរុញការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល សំដៅគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាផែនការអនុវត្តសម្រាប់ទសវត្សរ៍ នៃការដឹកជញ្ជូនប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (២០២៦-២០៣៥)។



