សភាប្រជាជនស៊ីរីបើកកិច្ចប្រជុំ និងសួរនាំជាមួយរដ្ឋមន្ត្រីថាមពលរបស់ខ្លួនជុំវិញការតម្លើងថ្លៃប្រេងឥន្ធនៈពី៣០%ទៅ៤០% និង បញ្ហាជាប់គាំងនានា

សភាប្រជាជនស៊ីរីបានបើកកិច្ចប្រជុំដោយមានការចូលរួមពីរដ្ឋមន្ត្រីថាមពល លោក Mohammad al-Bashir ដើម្បីពិភាក្សាអំពីបញ្ហានានា។ ថ្មីៗនេះ រដ្ឋាភិបាលស៊ីរីបានប្រកាសដំឡើងថ្លៃប្រេងសាំង និងប្រេងម៉ាស៊ូតចន្លោះពី ៣០% ទៅ ៤០% ដោយលើកឡើងពីមូលហេតុនៃជម្លោះរវាងសហរដ្ឋ អាមេរិក និងអ៊ីរ៉ង់ ព្រមទាំងការជួសជុលនៅឯរោងចក្រចម្រាញ់ប្រេងដ៏សំខាន់មួយឈ្មោះ Baniyas ដែលស្ថិតនៅតំបន់ឆ្នេរសមុទ្ររបស់ស៊ីរី។ ការដំឡើងថ្លៃនេះបានបង្កឱ្យមានការតវ៉ានៅតាមតំបន់មួយចំនួនក្នុងប្រទេស ដោយក្រុមអ្នកតវ៉ាបានបិទផ្លូវ និងធ្វើឱ្យរថយន្តដឹកប្រេងរាប់រយគ្រឿងជាប់គាំងនៅលើផ្លូវហាយវេ។ ក្នុងអំឡុងពេលកិច្ចប្រជុំសភានោះដែរ លោក al-Bashir បានលើកឡើងថា ស៊ីរីកំពុងប្រឈមមុខនឹងវិបត្តិថាមពលសកល ប៉ុន្តែប្រទេសនេះមានសមត្ថភាពផលិតក្នុងស្រុកខ្លះ និងមានផ្លូវចេញទៅកាន់សមុទ្រ ខណៈដែលនៅតែពឹងផ្អែកលើការផ្គត់ផ្គង់ពីប្រទេសជាមិត្ត និងសម្ព័ន្ធមិត្ត។ រដ្ឋមន្ត្រីថាមពលរូបនេះបាននិយាយថា ស៊ីរីអាចសម្រេចបាននូវភាពម្ចាស់ការលើខ្លួនឯងផ្នែកប្រេងនៅត្រឹមឆ្នាំ ២០២៨ «ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ ហើយយើងមិនជួបប្រទះបញ្ហាបន្ទាន់ណាមួយ»។ លោកបានបន្ថែមថា ប្រទេសនេះអាចបំពេញតម្រូវការឧស្ម័ន និង (ហ្គាស) ប្រហែលពាក់កណ្តាលនៃតម្រូវការសរុបរបស់ខ្លួននៅត្រឹមចុងឆ្នាំ ២០៣០។ លោក Khaled al-Khalaf សមាជិកគណៈកម្មាធិការថាមពលរបស់សភា បានលើកឡើងថា រដ្ឋា ភិបាលគួរតែគិតគូរពីការធានា ឬបង្កើតស្តុកប្រេង និងប្រេងឥន្ធនៈយុទ្ធសាស្ត្រ ជាពិសេសប្រេងម៉ាស៊ូត ដែលលោកចាត់ទុកថាមានសារៈសំខាន់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងប្រទេសស៊ីរី។ លោក al-Khalaf បាននិយាយថា៖ ចូរបង្កើតស្តុកយុទ្ធសាស្ត្រនៃប្រេងឥន្ធនៈដ៏សំខាន់នេះជាមុនសិន រួចសឹមបន្តការងារកសាងឡើងវិញតាមការសមស្រប»។ លោក Moayyad Kiblawi ប្រធានគណៈកម្មាធិការប្រព័ន្ធផ្សព្វផ្សាយរបស់សភា បាននិយាយថា ស៊ីរីនៅតែពឹងផ្អែកលើការនាំចូល ដោយសារបរិមាណផលិតប្រេងមានកម្រិតទាបជាងតម្រូវការប្រើប្រាស់ ហើយរោងចក្រចម្រាញ់ប្រេង និងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ខ្លួនស្ថិតក្នុងស្ថានភាពមិនល្អនោះទេ៕

សម្រួលអត្ថបទ៖ សុផារិន្ទ