ក្រសួងព័ត៌មាន រៀបចំសន្និសីទសារព័ត៌មានស្តីពីការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»

ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)» ដើម្បីផ្តល់ព័ត៌មានជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ អំពីការត្រៀមលក្ខណៈ និងសារៈសំខាន់នៃសន្និសីទអន្តរជាតិនេះ។

សន្និសីទសារព័ត៌មាននេះ ប្រព្រឹត្តទៅនៅសាលសវនាការវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមពី ឯកឧត្តម ម៉ុក ច័ន្ទសុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និង ឯកឧត្តម ហាយ មករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិនេះ មិនមែនគ្រាន់តែជាការរៀបចំព្រឹត្តិការណ៍អន្តរជាតិមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពី ឆន្ទៈនយោបាយ ការទទួលខុសត្រូវ និងភាពបើកចំហរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងក្លាយជាបញ្ហាប្រឈមនៅកម្រិតអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពី លទ្ធផលជាបឋមនៃការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរបានស៊ើបអង្កេតទីតាំងសង្ស័យចំនួន ៨៣២កន្លែង និងបានបើកប្រតិបត្តិការសរុបចំនួន ៦៦៣ទីតាំង។

ក្នុងចំណោមប្រតិបត្តិការទាំងនេះ អាជ្ញាធរបានគ្រប់គ្រងទីតាំង Online Scams ទ្រង់ទ្រាយធំចំនួន ៨៦កន្លែង។ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា លទ្ធផលនេះបង្ហាញពីការគ្រប់គ្រង និងការកម្ទេចទីតាំង Online Scams ទ្រង់ទ្រាយធំដែលមាននៅក្នុងប្រទេសកម្ពុជា ខណៈការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញនៅតែបន្ត ដោយសកម្មភាពឆបោកមួយចំនួនបានផ្លាស់ប្តូរពីទ្រង់ទ្រាយធំទៅជាទីតាំងតូចៗ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា សមត្ថកិច្ចនៅតែបន្តប្រតិបត្តិការបង្ក្រាបជាប្រចាំ ដើម្បីទប់ស្កាត់ និងលុបបំបាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ដើម្បីឆ្លើយតបចំពោះការវិវត្តនៃឧក្រិដ្ឋកម្មប្រភេទនេះ។

ឯកឧត្តម នេត្រ ភក្ត្រា ក៏បានគូសបញ្ជាក់ថា តាមរយៈការរៀបចំសន្និសីទអន្តរជាតិ ICCOS កម្ពុជាមានបំណងអំពាវនាវ និងជំរុញឱ្យមាន សកម្មភាពរួមរបស់សហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសារបញ្ហានេះមានលក្ខណៈឆ្លងដែន និងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា ស្ថាប័នពាក់ព័ន្ធ និងភាគីពាក់ព័ន្ធទាំងអស់។

គួរបញ្ជាក់ថា «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងប្រទេស និងអន្តរជាតិ។

សន្និសីទអន្តរជាតិនេះ នឹងក្លាយជាវេទិកាសម្រាប់ចែករំលែកបទពិសោធន៍ ចំណេះដឹង និងវិធានការនានា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹង Online Scams និងឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធនឹងបច្ចេកវិទ្យា៕