មន្ត្រីជំនាញកសិកម្មខេត្តព្រះសីហនុ ចុះជួបកសិករធ្វើស្រែតាមភូមិ និងផ្តល់ប្រឹក្សាអំពីបច្ចេកទេសជួយអោយស្រូវលូតលាស់បានល្អនិងផ្តល់ទិន្នផលខ្ពស់

ខេត្តព្រះសីហនុ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានបន្តយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងផលដំណាំរបស់ប្រជាកសិករ តាមរយៈការចុះពិនិត្យ និងផ្តល់បច្ចេកទេសឆ្លើយតបទាន់ពេលវេលា ចំពោះបញ្ហាប្រឈមក្នុងវិស័យបង្កបង្កើនផល។

ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ អមដំណើរដោយលោក អាត ផល្លី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានដឹកនាំក្រុមការងារមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្មឃុំសាមគ្គី ចុះពិនិត្យដល់ស្រែរបស់កសិករ ដែលមានផ្ទៃដីអាស្រ័យផលស្ថិតនៅក្នុងភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ផ្អែកលើការពិនិត្យ និងវាយតម្លៃលក្ខណៈបច្ចេកទេសផ្ទាល់នៅទីវាល ក្រុមការងារជំនាញបានរកឃើញថា បញ្ហាប្រឈមដែលធ្វើឲ្យដើមស្រូវមានសភាពក្រិន ពណ៌ស្លឹកមិនប្រក្រតី និងលូតលាស់យឺតយ៉ាវនោះ គឺបណ្តាលមកពី «ដំណាំស្រូវខ្វះសារធាតុចិញ្ចឹមចាំបាច់» នៅក្នុងដី។

ដើម្បីដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា លោកអនុប្រធានមន្ទីរ និងក្រុមការងារជំនាញបានផ្តល់ការណែនាំយ៉ាងលម្អិតអំពីវិធានការបច្ចេកទេសកសិកម្មដល់កសិករ រួមមាន ណែនាំអំពីរបៀបជ្រើសរើស និងបាចជីបំប៉នឱ្យត្រូវប្រភេទ (ដូចជាការបន្ថែមជីអ៊ុយរ៉េ ឬជីប៉ូតាស្យូមទៅតាមដំណាក់កាលស្រូវ) និងត្រូវកម្រិតបរិមាណប្រើប្រាស់ឱ្យបានត្រឹមត្រូវ។ ពន្យល់ពីបច្ចេកទេសរក្សាកម្រិតទឹកក្នុងស្រែ ដើម្បីជួយឱ្យឫសស្រូវអាចស្រូបយកសារធាតុចិញ្ចឹមបានល្អប្រសើរឡើងវិញ។ អប់រំពីការតាមដានការរីកលូតលាស់ និងការការពារជំងឺ/សមាសភាពសត្រូវរុក្ខជាតិផ្សេងៗដែលអាចបំផ្លាញបន្ថែម។

ក្រោយទទួលបានការតម្រង់ទិស និងការយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញ ប្រជាកសិករបានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណចំពោះក្រុមការងារមន្ទីរកសិកម្មខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលបានចុះមកជួយអន្តរាគមន៍ដល់ទីកន្លែង និងទាន់ពេលវេលា ដែលជួយឲ្យពួកគាត់មានសង្ឃឹមឡើងវិញក្នុងការស្តារផលដំណាំស្រូវប្រចាំរដូវនេះ៕

អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ