ឯកឧត្តម សុខ ប្រសិទ្ធិ៖ ក្រសួងព័ត៌មាន និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ត្រៀមពង្រឹងកិច្ចសហការការពារផ្លូវច្បាប់ដល់អ្នកសារព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំជាមួយសមាជិកក្រុមការងារផ្ទៃក្នុងលើកដំបូង នៃក្រុមការងារចំពោះកិច្ចសម្របសម្រួលការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងព័ត៌មាន និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដើម្បីពិភាក្សា និងតាក់តែងក្របខណ្ឌកិច្ចសហការផ្នែកច្បាប់ ក្នុងការការពារអ្នកសារព័ត៌មានដែលប្រកបវិជ្ជាជីវៈស្របតាមច្បាប់។
កិច្ចប្រជុំនេះ មានគោលបំណងរៀបចំ និងសម្របសម្រួលខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីកំណត់ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ឱ្យមានភាពច្បាស់លាស់ ស្របតាមនីតិវិធី និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។
ការរៀបចំអនុស្សរណៈនេះ ធ្វើឡើងស្របតាមអនុសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលតែងតែគាំទ្រដល់សេរីភាពសារព័ត៌មាន ប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។
កិច្ចការពារផ្លូវច្បាប់ដល់អ្នកសារព័ត៌មាន គឺជាខ្លឹមសារសំខាន់មួយនៃកិច្ចសហការដែលក្រសួងព័ត៌មាន និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មានបំណងពង្រឹងបន្ថែម តាមរយៈការរៀបចំ MoU នេះ។ កិច្ចសហការនឹងផ្តោតលើការគាំពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកសារព័ត៌មាន ដែលបំពេញការងារដោយគោរពច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈ។
ក្នុងក្របខណ្ឌនេះ ក្រសួងព័ត៌មានក៏បានយកចិត្តទុកដាក់លើការពង្រឹងការងារផ្នែកនីតិកម្ម តាមរយៈកិច្ចពិភាក្សាជាមួយក្រុមអ្នកច្បាប់ទីស្តីការគណៈរដ្ឋមន្ត្រី និងការបន្តពង្រឹងកិច្ចសហការដែលមានស្រាប់ជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន។ កិច្ចខិតខំប្រឹងប្រែងនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងព័ត៌មានក្នុងការគាំពារ និងលើកស្ទួយសិទ្ធិសេរីភាពសារព័ត៌មាន ស្របតាមច្បាប់ជាធរមាន។
គួរបញ្ជាក់ថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានសហការជាមួយក្រសួងព័ត៌មានតាំងពីអាណត្តិរដ្ឋមន្ត្រីមុនមក ហើយការរៀបចំអនុស្សរណៈនៃការយោគយល់គ្នានៅក្នុងអាណត្តិថ្មីនេះ គឺជាការបន្ត និងពង្រឹងកិច្ចសហការដែលមានស្រាប់ ដើម្បីផ្តល់ការគាំពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលបំពេញការងារត្រឹមត្រូវតាមផ្លូវច្បាប់។
ឯកឧត្តម សុខ ប្រសិទ្ធិ បានសម្តែងនូវជំនឿថា ការតាក់តែង និងការសម្រេចបាននូវអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងផ្តល់ផលប្រយោជន៍ជាសារវន្តដល់គូភាគីទាំងពីរ ព្រមទាំងរួមចំណែកដល់ការពង្រឹងវិស័យសារព័ត៌មាននៅកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងនេះ មិនត្រឹមតែផ្តោតលើការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកសារព័ត៌មាន និងមន្ត្រីរាជការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលដៅរួមចំណែកលើកកម្ពស់សេរីភាពសារព័ត៌មាន គណនេយ្យភាពវិជ្ជាជីវៈ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការពង្រឹងសណ្តាប់ធ្នាប់វិស័យព័ត៌មាន ឱ្យកាន់តែមានភាពស្អាតស្អំ និងប្រកបដោយនីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕



