វិបត្តិសំរាមក្នុងទីក្រុងនៃទ្វីបអាហ្វ្រិកកំពុងកើនឡើងយ៉ាងលឿនជាងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស

ប្រសិនបើយើងមើលឲ្យជាក់ យើងនឹងបានឃើញបុរសពីរនាក់អង្គុយនៅលើកំពូលភ្នំមួយនៅចុងផ្លូវតូចចង្អៀតក្នុងតំបន់ឧស្សាហកម្មជាយក្រុង Johannesburg ដែលមានឈ្មោះ Kya Sands។ ប៉ុន្តែភ្នំនោះមិនមែនជាភ្នំធម្មជាតិនោះទេ វាគឺជាគំនរភ្នំសំរាមដ៏ធំដែលគេយកមកចាក់ចោលដោយខុសច្បាប់ ហើយវាមានកម្ពស់ខ្ពស់រហូតដល់បិទបាំងផ្លូវនៅពីក្រោយទៅហើយ។ លោក Devon Steenkamp សមាជិកក្រុមប្រឹក្សាក្រុងបានប្រាប់ទីភ្នាក់ងារព័ត៌មានបរទេសថា៖ ទីលានចាក់សំរាមរបស់យើងទាំងអស់កំពុងពេញហូរហៀរ ហើយទីក្រុងលែងមានកន្លែងសម្រាប់ចាក់សំរាមទៀតហើយ ដូច្នេះពួកគេមិនដឹងថាត្រូវយកសំរាមទាំងនោះទៅចោលនៅឯណាទេ»។ គំនរសំរាមនេះគ្រាន់តែជាផ្នែកមួយនៃទីតាំងចាក់សំរាមដ៏ធំមួយដែលបានរីកសាយភាយឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីទីលានចាក់សំរាមរបស់ក្រុងបានពេញហៀរ និងត្រូវបិទទ្វារនៅឆ្នាំ២០១០ តែប៉ុណ្ណោះ។ នៅជាប់នឹងទីតាំងនោះ គឺមានសំរាមជាច្រើនបានរាយប៉ាយពេញជ្រលងភ្នំ ខណៈដែលមានផ្សែងហុយឡើង និងមានរថយន្តដឹកសំរាមជាច្រើនបន្តយកសំរាមមកចាក់ចោលបន្ថែមទៀតដដែល។ បញ្ហាសំរាមដែលកំពុងកើនឡើងនៅក្នុងទីក្រុង Johannesburg បានឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដ៏ធំទូលាយមួយនៅទូទាំងទ្វីបអាហ្វ្រិក។ ទីក្រុងនានាដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស រួមមានទាំងទីក្រុង Lagos, Dakar និង Accra បានកំពុងបង្កើតបរិមាណសំរាមក្នុងអត្រាលឿនជាងសមត្ថភាពរបស់អាជ្ញាធរក្រុង ក្នុងការប្រមូល កែច្នៃ ឬចោលសំរាមទាំងនោះដោយសុវត្ថិភាពទៀតហើយ។ យោងតាមរបាយការណ៍រួមមួយកាលពីឆ្នាំមុនដោយអង្គការ OECD, ធនាគារអភិវឌ្ឍន៍អាហ្វ្រិក ឬ (African Development Bank), Cities Alliance និងអង្គការ United Cities and Local Governments of Africa បានឱ្យដឹងថា ចំនួនប្រជាជនរស់នៅក្នុងទីក្រុងនៅទ្វីបអាហ្វ្រិកត្រូវបានគេព្យាករណ៍ថានឹងកើនឡើងទ្វេដងដល់ ១,៤ ពាន់លាននាក់នៅឆ្នាំ ២០៥០។ កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) បានប៉ាន់ប្រមាណថា សំរាមជាង ៩០% ដែលបង្កើតឡើងនៅទ្វីបអាហ្វ្រិក ត្រូវបានគេយកទៅចោលនៅទីតាំងចាក់សំរាមដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ ហើយជាញឹកញាប់មានការដុតសំរាមចោលនៅទីនោះដែរ។ ធនាគារពិភពលោកព្យាករណ៍ថា ការបង្កើតសំរាមនៅក្នុងតំបន់អាហ្វ្រិកខាងត្បូង នៃវាលខ្សាច់សាហារ៉ា (sub-Saharan Africa) នឹងកើនឡើង ១២៤% ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៥០ ដែលជាអត្រាកំណើនលឿនបំផុតក្នុងចំណោមតំបន់ទាំងអស់។ អ្នកស្រី Linda Makole អាយុ ៧៥ ឆ្នាំ ដែលជាអ្នករស់នៅក្នុងតំបន់នោះ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកុមារ ដោយសារកុមារជាច្រើនរស់នៅក្នុងផ្ទះដែលមានបន្ទប់តែមួយ ហើយពឹងផ្អែកលើចិញ្ចើមផ្លូវ និងសួនច្បារមួយចំនួនតូចសម្រាប់ជាកន្លែងលេងកំសាន្តរបស់ពួកគេ៕

សម្រួលអត្ថបទ៖ សុផារិន្ទ