នាយកប្រត្តិបត្តិ Nvidia លើកឡើងថា៖ AI ត្រូវតែបានអភិវឌ្ឍដោយផ្អែកលើភាពសុទិដ្ឋិនិយមប្រកបដោយការទទួលខុសត្រូវរបស់មនុស្ស មិនត្រូវឱ្យវាគ្រប់គ្រងមនុស្សនោះទេ
លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia បានថ្លែងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ(AI) ត្រូវតែត្រូវបានអភិវឌ្ឍដោយផ្អែកលើ «ភាពសុទិដ្ឋិនិយមប្រកបដោយការទទួលខុសត្រូវរបស់មនុស្ស»។ លោក Huang បានលើកឡើងបែបនេះ ខណៈពេលដែលលោកថ្លែងសុន្ទរកថាទៅកាន់ព្រះមហាក្សត្រ Charles ទី៣ និងថ្នាក់ដឹកនាំមកពីក្រុមហ៊ុន OpenAI, Anthropic និង Google DeepMind នៅប្រទេសស្កុតឡែន។ លោក Huang បានមានប្រសាសន៍ថា «អ្វីដែលធ្វើឱ្យខ្ញុំមានអារម្មណ៍រំភើបនោះគឺថា AI នឹងមិនត្រឹមតែជួយបង្កើនផលិតភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវានឹងជំរុញឱ្យយើងមានមហិច្ឆតាកាន់តែខ្ពស់ថែមទៀត។ សូមឱ្យយើងដឹកនាំវាទៅមុខដោយប្រកាន់ខ្ជាប់នូវសុទិដ្ឋិនិយមប្រកបដោយការទទួលខុសត្រូវ»។ កិច្ចប្រជុំនៅប្រទេសស្កុតឡែននេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីរបៀបដែល AI អាចផ្តល់ផលប្រយោជន៍ដល់សង្គម ហើយវាបានធ្វើឡើងនៅចំពេលដ៏សំខាន់មួយសម្រាប់បច្ចេកវិទ្យានេះ ខណៈដែលមានការជជែកដេញដោលគ្នាថា តើការរីកចម្រើនយ៉ាងឆាប់រហ័សរបស់វា នឹងធ្វើឱ្យវាក្លាយជាបច្ចេកវិទ្យាដែលមនុស្សមិនអាចគ្រប់គ្រងបាននៅពេលខាងមុខឬយ៉ាងណា?ចំណែកព្រះមហាក្សត្រ Charles ទី៣ ក៏បានមានព្រះបន្ទូលជាសុន្ទរកថាផងដែរ ដោយជំរុញឱ្យថ្នាក់ដឹកនាំក្នុងវិស័យនេះធានាថា បញ្ញាសិប្បនិម្មិតនៅតែស្ថិតក្រោមការគ្រប់គ្រង និងបម្រើដល់ប្រជាជនក៏ដូចជាភពផែនដីទាំងមូល។ កិច្ចប្រជុំនេះធ្វើឡើងនៅពេលដែលពិភពលោកកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ AI និងការព្រមាននានាថា វាអាចនឹងវិវត្តហួសពីការគ្រប់គ្រង ដែលបង្កជាការគំរាមកំហែងដល់មនុស្សជាតិវិញ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅ Dumfries House ក្នុងតំបន់ Ayrshire ប្រទេសស្កុតឡែន ដែលជាទីស្នាក់ការកណ្តាលរបស់អង្គការ The King’s Foundation ដែលជាអង្គការសប្បុរសធម៌របស់ព្រះមហាក្សត្រផ្ទាល់តែម្តង៕
សម្រួលអត្ថបទ៖ សុផារិន្ទ



