អ្នកសារព័ត៌មានអាស៊ាន រួមទាំងកម្ពុជា បានចុះទស្សនកិច្ចស្វែងយល់ពីបច្ចេកវិទ្យា AI នៅមជ្ឈមណ្ឌលពិព័រណ៍ Nan-A ក្នុងឱកាសពិព័រណ៍ CAEXPO លើកទី២៣ នៅទីក្រុងណាននីង
ទីក្រុងណាននីង ប្រទេសចិន៖ នាព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីការបើកសម្ពោធ ព្រឹត្តិការណ៍ «ពិព័រណ៍ចិន-អាស៊ាន លើកទី២៣ (CAEXPO)» ក្រោមប្រធានបទ «ចែករំលែកកាលានុវត្តភាព ៣.០ រួមគ្នាកសាងជីវភាពកាន់តែប្រសើរ» រួចមក គណៈកម្មការរៀបចំបានដឹកនាំក្រុមអ្នកសារព័ត៌មានអន្តរជាតិក្នុងតំបន់អាស៊ាន រួមទាំងអ្នកសារព័ត៌មាននៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) អញ្ជើញចុះទស្សនកិច្ចស្វែងយល់ជាក់ស្តែងនៅតាមទីតាំងតាំងពិព័រណ៍បច្ចេកវិទ្យាសំខាន់ៗ រួមមាន មជ្ឈមណ្ឌលពិព័រណ៍ Nan-A (Exhibition Center of Nan-A Center) និងមណ្ឌលពិព័រណ៍សហគមន៍ Nan-A (Nan-A Community Exhibition Zone / Nanning AI Compound)។
ក្នុងអំឡុងពេលនៃការដើរទស្សនកិច្ចនេះ អ្នកសារព័ត៌មានបានទស្សនា និងស្វែងយល់អំពីការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយ នៅមណ្ឌល Nan-A Community ក្រុមការងារបានចូលទស្សនា «ផ្សារទំនើប AI» (AI Supermarket) ដែលដាក់តាំងបង្ហាញផលិតផលឆ្លាតវៃរាប់រយប្រភេទ ចាប់តាំងពីឧបករណ៍ពាក់ជាប់ខ្លួន វ៉ែនតា AI រហូតដល់មនុស្សយន្តថែទាំសុខភាព និងមនុស្សយន្តដៃយន្តឆុងកាហ្វេស្វ័យប្រវត្តិកម្រិតខ្ពស់។
ដំណើរទស្សនកិច្ចស្វែងយល់ពីបច្ចេកវិទ្យា និងក្រុមហ៊ុននានាក្នុងពិព័រណ៍ CAEXPO នេះ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ក្រុមអ្នកសារព័ត៌មាននៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្នុងការទទួលបាននូវទិន្នន័យ ព័ត៌មានថ្មីៗ និងបទពិសោធជាក់ស្តែងពីការវិវត្តនៃបច្ចេកវិទ្យាទំនើប ព្រមទាំងយល់ដឹងកាន់តែច្បាស់អំពីកាលានុវត្តភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ AI និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសចិន និងតំបន់អាស៊ាន។
អត្ថបទ និងរូបភាព៖ លោក អាន ប្រុស



