មនុស្ស១២៥.០០០នាក់ភៀសខ្លួនគ្មានទីជម្រក! ខណៈក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ប្រយុទ្ធគ្នាជាមួយកងកម្លាំងយេម៉ែនដោយព្យាយាមបង្កើតជម្លោះថ្មីដ៏ធំ
មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ និងរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីលំនៅឋាន ដោយសារតែការប្រយុទ្ធគ្នានាពេលថ្មីៗនេះរវាងក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ និងកងកម្លាំងរដ្ឋាភិបាលនៅយេម៉ែន។ នៅពេលដែលក្រុមឧទ្ទាម Houthi រុលចូលមកជិតទីតាំងរស់នៅ នាង Maheida Ahamed បានភៀសខ្លួនចេញពីផ្ទះជាមួយកូនៗរបស់នាង ដោយទុកស្វាមីឱ្យនៅតំបន់ Al Mokha។ នាង Maheida Ahamed ដែលជាជនភៀសខ្លួនម្នាក់បាននិយាយថា៖ សង្គ្រាមនេះបានបំផ្លាញជីវិតពួកយើងទាំងស្រុង។ នៅពេលដែលយើងឃើញថាស្ថានភាពកាន់តែលំបាកខ្លាំងសម្រាប់ពួកយើង យើងគ្មានជម្រើសអ្វីក្រៅពីការភៀសខ្លួននោះទេ។ យើងបានឮសំឡេងផ្ទុះ គឺយើងមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង និងព្រួយបារម្ភសម្រាប់សុវត្ថិភាពខ្លួនឯង និងកូនៗ។ យើងបានដើររហូតមកមួយរយៈនេះ ហើយក៏ឮសំឡេងផ្ទុះ និងសំឡេងបាញ់ប្រហារបន្ថែមទៀត ព្រមទាំងបានឃើញមនុស្សជាច្រើនត្រូវបានគេសម្លាប់នៅក្បែរខ្លួនយើងតែម្តង។ មានហេតុការណ៍មួយបានកើតឡើង ហើយអ្នកបើកបររថយន្តក្រុងម្នាក់បានមកជួយពួកយើង។ ខ្ញុំ និងកូនៗបានក្លាយជាជនភៀសខ្លួន ហើយកូនប្រុសរបស់ខ្ញុំត្រូវគេសម្លាប់នៅទីនោះដោយសារតែសង្គ្រាម។ គេបានទូរស័ព្ទមកប្រាប់ខ្ញុំថា គេរកឃើញតែសពរបស់គាត់ប៉ុណ្ណោះ»! នេះជាការលើកឡើងរបស់ស្ត្រីជនភៀសខ្លួនម្នាក់ទៀតមកពីតំបន់ Mokha គឺអ្នកស្រី Fatima Mohammed។ ពួកគេស្ថិតក្នុងចំណោមមនុស្សជាង ១២៥,០០០នាក់ដែលបានភៀសខ្លួន ខណៈដែលក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់បានរុលចូលតាមបណ្តោយឆ្នេរសមុទ្រក្រហម ឬ (Red Sea) ឆ្ពោះទៅកាន់ចំណុចយុទ្ធសាស្ត្រសំខាន់មួយនៃការដឹកជញ្ជូនតាមផ្លូវសមុទ្រ។ ការវាយលុកនេះ គឺមានទំនាក់ទំនងទៅនឹងជម្លោះដ៏ធំរបស់អ៊ីរ៉ង់ បានគំរាមកំហែងដល់ការនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីត ដែលធ្វើឱ្យតម្លៃប្រេងឥន្ធនៈសកលកើនឡើង និងបង្កភាពរង្គោះរង្គើដល់ទីផ្សារសកល។ ទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតគឺធ្លាក់ទៅលើប្រជាជនយេម៉ែនដែលជាប់គាំងនៅក្នុងការប្រយុទ្ធគ្នានោះ។ លោក Nawas Al-Dhaibani ដែលជាអ្នកសម្របសម្រួលផ្នែកតាមដាន និងវាយតម្លៃនៅអង្គការ Field Medical Foundation បាននិយាយថា មានគ្រួសារចំនួន ៩៧ ត្រូវបានចុះឈ្មោះនៅជំរុំជនភៀសខ្លួន Al Firdaws ចាប់តាំងពីថ្ងៃពុធមក ហើយចំនួនគ្រួសារសរុបនៅក្នុងជំរុំនេះអាចនឹងកើនឡើងដល់ជាង៣០០គ្រួសារ ខណៈដែលការចុះឈ្មោះនៅតែបន្តធ្វើឡើងជារៀងរាល់ថ្ងៃ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



