កម្ពុជា និងមូលនិធិសកល បន្តពង្រឹងភាពជាដៃគូ ដើម្បីរក្សាសមិទ្ធផលលើការប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ជាមួយនឹងការជំរុញនិរន្តរភាពក្នុងក្របខណ្ឌការរៀបចំអនុវត្តជំនួយជុំទី៨ (GC8)។
រាជធានីភ្នំពេញ៖ នាទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកញ្ញានេះ បានទទួលជួបជាមួយក្រុមការងារ មូលនិធិសកល (The Global Fund Country Team for Cambodia) ដឹកនាំដោយ លោកស្រី Sylwia Murray, Fund Portfolio Manager ដោយមានការចូលរួមពី លោកស្រី Patricia Ongpin, Country Director UNAIDS ប្រចាំកម្ពុជា ឡាវ ម៉ាឡេស៊ី និងវៀតណាម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងសុខាភិបាល។
ជំនួបនេះផ្តោតលើវឌ្ឍនភាព និងអាទិភាពរបស់កម្ពុជា ក្នុងការឆ្លើយតបនឹង ជំងឺអេដស៍ របេង និងគ្រុនចាញ់ ព្រមទាំងការរៀបចំអនុវត្តជំនួយជុំទី៨ របស់មូលនិធិសកល (GC8) ក្នុងបរិបទនៃការពង្រឹងភាពជាម្ចាស់របស់ប្រទេស និរន្តរភាព និងការពង្រឹងប្រព័ន្ធសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការអរគុណចំពោះមូលនិធិសកល សម្រាប់កិច្ចសហប្រតិបត្តិការ ទាំងការគាំទ្រជាច្រើនឆ្នាំកន្លងមក រួមទាំងការបន្តគាំទ្រសុខាភិបាលកម្ពុជា ប្រជាជនកម្ពុជា មកដល់បច្ចុប្បន្ន ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការឆ្លើយតបរបស់កម្ពុជាចំពោះមេរោគអេដស៍ របេង និងគ្រុនចាញ់ ព្រមទាំងការពង្រឹងប្រព័ន្ធសុខាភិបាល សហគមន៍ មន្ទីរពិសោធន៍ និងប្រព័ន្ធផ្គត់ផ្គង់សុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យ បានបញ្ជាក់ថា GC8 ជាដំណាក់កាលយុទ្ធសាស្ត្រថ្មី ឆ្ពោះទៅរកនិរន្តរភាព សមាហរណកម្ម និងឈានទៅជាភាពជាម្ចាស់។ ការធ្វើសមាហរណកម្ម HIV, TB និង Malaria ទៅក្នុងប្រព័ន្ធថែទាំសុខភាពបឋម ត្រូវអនុវត្តជាដំណាក់កាលៗ និងត្រូវរក្សាជំនាញ សេវាឯកទេស និងការឈានទៅកៀកសហគមន៍ ដែលរងគ្រោះដោយសារជំងឺទាំង៣នេះ បានរួមចំណែកយ៉ាងសំខាន់ដល់ភាពជាគម្រូក្នុងតំបន់ដែលជាសមិទ្ធផលរបស់កម្ពុជា។
លោកស្រី Sylwia Murray, Fund Portfolio Manager បានលើកឡើងអំពី ការចូលរួមរបស់ Non-State Actors រួមមានអង្គការសហគមន៍ សង្គមស៊ីវិល និង NGOs ដែលត្រូវបានរក្សា និងពង្រឹងជាយុទ្ធសាស្ត្រ ក្នុង GC8 ព្រោះពួកគេមានតួនាទីសំខាន់ក្នុងការឈានទៅដល់ប្រជាជនគន្លឹះ និងក្រុមងាយរងគ្រោះ។
នៅក្នុងជំនួបនេះ កម្ពុជាបានស្នើឱ្យមូលនិធិសកលបន្តផ្តល់ ភាពបត់បែន និងការគាំទ្រផ្នែកបច្ចេកទេស ដើម្បីធានាថាធនធាន GC8 ត្រូវបានផ្តោតលើអន្តរាគមន៍ដែលមានផលប៉ះពាល់ខ្ពស់ ការពារសេវាសហគមន៍ និងធនធានមនុស្សសំខាន់ៗ គាំទ្រការធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធថែទាំសុខភាពបឋម និងពង្រឹងយន្តការហិរញ្ញប្បទានប្រកបដោយចីរភាព។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយមូលនិធិសកល និងដៃគូពាក់ព័ន្ធ ដើម្បីការពារសមិទ្ធផលដែលកម្ពុជាសម្រេចបាន ឈានទៅដល់អ្នកដែលនៅមិនទាន់ទទួលបានសេវា ពង្រឹងប្រព័ន្ធសុខាភិបាល និងបង្កើនភាពជាម្ចាស់ ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។



