ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ជាមួយ ព្រះមន្រ្តីសង្ឃ និងព្រះចៅអធិការគ្រប់វត្តនៅក្នុងរាជធានីភ្នំពេញ។

(រាជធានីភ្នំពេញ) នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយព្រះមន្រ្តីសង្ឃ និងព្រះចៅអធិការគ្រប់វត្ត​នៅក្នុងរាជធានីភ្នំពេញ ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះសង្ឃនាយករងទី៣ និងជាព្រះមេគណរាជធានីភ្នំពេញ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះត្រ័យរតនាវង្សាចារ្យ ទូច សាទរ ព្រះមេគណរាជធានីភ្នំពេញ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេច ព្រះរាជាណាគណៈ ព្រះមន្ត្រីសង្ឃ​ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងប្រធានមន្ទីធម្មការនិងសាសនារាជធានីភ្នំពេញសរុបចំនួន ៥០០អង្គ/នាក់។

ជាកិច្ចចាប់ផ្ដើម ​លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានធ្វើរបាយការណ៍ស្ដីពីសកម្មភាពព្រះពុទ្ធសាសនា និងការប្រតិបត្តិធម៌វិន័យរបស់ព្រះសង្ឃ​ ដោយបានរំលេចឱ្យឃើញពីវិស័យព្រះពុទ្ធសាសនា​នៅទូទាំងរាជធានីភ្នំពេញ   មានការរីកចម្រើនគួរឱ្យកត់សំគាល់។ ជាងនេះទៅទៀត កន្លងមកព្រះមន្រ្តីសង្ឃនិងព្រះសង្ឃគ្រប់វត្ត បានធ្វើឧបោសថកម្មក្នុងមួយខែចំនួនពីរដងស្របតាមសេចក្ដីណែនាំដែលបានដាក់ចេញដោយក្រសួងធម្មការនិងសាសនា រួមជាមួយគណៈសង្ឃនាយកទាំងពីរគណៈហើយព្រះមន្រ្តីសង្ឃ ព្រះសង្ឃ និងអាចារ្យ គណៈកម្មការវត្ត បានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ ជាពិសេសបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ព វីរនគរបាលជាតិ និងជនភៀសសឹកជាបន្តបន្ទាប់។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជានិច្ចកាល សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី  ព្រមទាំងលោកជំទាបណ្ឌិត តែងតែគិតគូរយកចិត្តទុក្ខដាក់ ពីសុខទុក្ខរបស់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទគ្រប់ពេលវេលា។

នៅក្នុងឧកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការអនុវត្តតួនាទី និងភារកិច្ចរបស់ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះចៅអធិការគ្រប់វត្ត ជាពិសេស ព្រះភិក្ខុ សាមណេរ ត្រូវបំពេញករណីយកិច្ចរៀងៗព្រះអង្គ ហើយត្រូវប្រតិបត្តិខ្ជាប់ខ្ជួននូវក្នុង១.អធិសីលសិក្ខា (ប្រកាន់ភ្ជាប់នូវសីល)២.អធិចិត្តសិក្ខា (ប្រកាន់ភ្ជាប់សមាធិ)៣.អធិប្បញ្ញាសិក្ខា (ប្រកាន់ភ្ជាប់នូវការអប់រំបញ្ញា ) និងត្រូវដឹកនាំ ជួយសម្រួលដល់កិច្ចការគ្រប់គ្រងវត្តអារាម ធ្វើយ៉ាងណាឱ្យមាននូវសាមគ្គីធម៌ សុខដុមរមនា រវាងព្រះសង្ឃ និងព្រះសង្ឃ ព្រះសង្ឃនិងគ្រហស្ថ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា សូមឱ្យ​ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ ព្រះចៅអធិការ មន្ត្រីសង្ឃវត្ត​
អាចារ្យ  គណៈកម្មការគ្រប់វត្ត រួមទាំងពុទ្ធបរិស័ទទាំងអស់ បន្តខិតខំយក ចិត្តទុកដាក់ រួមគ្នាអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់លទ្ធភាពគ្រប់បែបយ៉ាង ធ្វើឱ្យវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យកត់សម្គាល់។ កន្លងមក ព្រះពុទ្ធសាសនា បានរួមចំណែកចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើន មានដូចស្ពានថ្នល់ វត្តអារាម សាលារៀន មន្ទីរពេទ្យ កាកបាទក្រហម ការងារសង្គម ការងារមនុស្សធម៌ និងការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ និងសុជីវធម៌ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងសង្គម ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ ព្រះគ្រូចៅអធិការ និងគណៈកម្មការវត្តទាំងអស់ ចូលរួមអនុវត្តឱ្យបានសកម្ម និងមានប្រសិទ្ធភាពខ្ពស់នូវអភិក្រម «ស៣» របស់ក្រសួងធម្មការនិងសាសនា ដើម្បីរួមគ្នាកសាងវត្តអារាម ឱ្យក្លាយជាមជ្ឈមណ្ឌលអប់រំសីលធម៌ វប្បធម៌ និងការអភិវឌ្ឍសហគមន៍ ដ៏មានរបៀបរៀបរយ ស្អាតបាត និងគួរជាទីជ្រះថ្លា និងសូមឱ្យចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»របស់រាជរដ្ឋាភិបាល ដោយអប់រំណែនាំពុទ្ធបរិស័ទ ឱ្យគោរពច្បាប់ចរាចរណ៍ វៀរចាកឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងស្គេមអនឡាញជាដើម ដើម្បីរួមចំណែកកសាងសហគមន៍ និងសង្គមកម្ពុជា ឱ្យមាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងភាពសុខក្សេមក្សាន្ត និងមិនត្រូវយកវត្តអារាម និងសាសនដ្ឋាន ធ្វើជាកន្លែងប្រព្រឹត្តអំពើមិនគប្បីផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនៃព្រះពុទ្ធសាសនា និងសេចក្តីជ្រះថ្លារបស់ពុទ្ធបរិស័ទ ហើយសូមឱ្យបង្កើនការត្រួតពិនិត្យ តាមដាន ក៏ដូចជាសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីទប់ស្កាត់ជាមុននូវរាល់សកម្មភាពអសកម្មទាំងឡាយ ដែលអាចកើតមានឡើងក្នុងបរិវេណវត្តអារាម។

នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឈានចូលមកដល់នាពេលខាងមុខនេះ ដើម្បីពិធីបុណ្យព្រឹត្តទៅស្របតាមទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនាខ្មែរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ផ្តាំផ្ញើដល់ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះគ្រូចៅអធិការគ្រប់វត្ត និងមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្របសម្រួលដល់ពុទ្ធបរិស័ទទាំងទីជិតទីឆ្ងាយ បានអញ្ជើញមកធ្វើបុណ្យសុន្ទរ៍ទានប្រកបដោយសុខសុវត្ថិភាព និងត្រូវឆក់យកឱ្យកាសនេះ ទេសនាអប់រំណែនាំដល់ពុទ្ធបរិស័ទ ឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌​ សុជីវធម៌ ដើម្បីកសាងភាពជាពុទ្ធបរិស័ទល្អសម្រាប់ពុទ្ធសាសនាផង និងដើម្បីរក្សាភាពជាពលរដ្ឋល្អនៅក្នុងសង្គមផង។

មុននឹងបញ្ចប់ ឯកឧត្តម ចាយ បូរិន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ សម្តេច ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការការគ្រប់វត្តនៅរាជធានីភ្នំពេញ ដែលបាននិមន្តចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាគុណតម្លៃព្រះពុទ្ធសាសនា និងការអភិវឌ្ឍសង្គមជាតិនាពេលកន្លងមក ព្រមទាំងបានប្រគេនពរ និងជូនពរដល់អង្គពិធីទាំងមូល សូមប្រកបដោយឧត្តមពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយទៅជាបការៈដទៃឡើយ៕