ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីវិសាលភាពនៃគម្រោងផ្លូវជាតិលេខ១ និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ

ទីស្តីការក្រសួង៖ នារសៀលថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណ ការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីវិសាលភាពការងារ នៃគម្រោងផ្លូវជាតិលេខ១ និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA HQ) និងតំណាងការិយាល័យ JICA ប្រចាំកម្ពុជា (JICA Cambodia Office) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្រ្តីជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំបានពិភាក្សាលម្អិតលើរបាយការណ៍បេសកកម្មស្វែងយល់ការពិត (Kick-Off Presentation by Fact Finding Mission Team) ការសិក្សាសមិទ្ធលទ្ធភាពនៃគម្រោង វិសាលភាពនៃការកែលម្អ និងពង្រីកផ្លូវជាតិលេខ១ ព្រមទាំងការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដឹកជញ្ជូន និងលំហូរចរាចរណ៍លើច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងការពិភាក្សាលើទិដ្ឋភាពបច្ចេកទេស ហិរញ្ញវត្ថុ ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (EIA & RAP) ព្រមទាំងផែនការសកម្មភាពបន្ត៕